តំបន់មួយចំនួននៅកម្ពុជា បន្តមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ពីថ្ងៃនេះ ដល់ថ្ងៃទី ៨ ខែមីនា
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តំបន់មួយចំនួននៅកម្ពុជា បន្តមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។
ចំពោះស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%។
ដៅយឡែកតំបន់ខ្ពង់រា សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។
ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះគ្របដណ្តប់លើផ្ទៃដី ២០% និងចុក្រោយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម