ក្រសួងពាណិជ្ជកម្ម បន្តណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ។ ក្រសួងពាណិជ្ជកម្ម បន្តណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ។

ក្នុងសេចក្ដីណែនាំពី ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុន ចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ច មានជាអាទិ៍៖
១. កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូចំពោះអតិថិជន
– ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ ដោយយោងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយជាគោល
– ត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន
– ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច ១ថ្ងៃ មកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន
– ក្នុងករណីអស់សន្និធិ ត្រូវជូនដំណឹងជាសាធារណៈនូវថ្ងៃដែលមានសន្និធិប្រេងឥន្ធនៈវិញ។
២. កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូចំពោះស្ថាប័នមានសមត្ថកិច្ច
– ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃសន្និធិប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពសន្និធិ ជាក់ស្តែង ១០% មុនពេលអស់សន្និធិ
– ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖
. ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្ន របស់ស្ថាប័នមានសមត្ថកិច្ច ទើបអាចផ្អាកការលក់ចែក ចាយរបស់ខ្លួនបាន
. ចំពោះស្ថានីយ និងដេប៉ូ ដែលបានទទួលការវាយតម្លៃថាអាចដំណើរការឡើងវិញបាននោះ ត្រូវសហការ ជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ
. ក្នុងករណីដែលរកឃើញថាបានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធី នៃច្បាប់ជាធរមាន
– ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖
. សេវាសាធារណៈចាំបាច់៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តបម្រើសេវាសាធារណៈ ។ល។
. ប្រជាកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សា ដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបាន អនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែល កេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕


ប្រភព៖ ក្រសួងពាណិជ្ជកម្ម