ក្រសួងកសិកម្ម គ្រោងបង្កើតម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី”
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំអោយកសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង ម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី”។

ចំពោះគម្រោងមួយនេះ ឈានទៅបង្កើតម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី”នេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួម ផ្តល់វិញ្ញាបនបត្រ CamGAP(ការអនុវត្តកសិកម្មល្អ) ជូនដល់កសិករអ្នកដាំកាហ្វេចំនួន ២៦នាក់ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ ដោយបានធ្វើការណែនាំកសិករដាំកាហ្វេទីមានដដូចជា៖
-ទី ១. ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផលិតកម្មកាហ្វេនៅខេត្តមណ្ឌលគីរី
-ទី ២. ការសិក្សាអំពីការធ្វើពិពិធកម្មដំណាំ ពិសេសការបម្លែងដំណាំដំឡូងមកដាំកាហ្វេ ដោយវិភាគពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ
-ទី ៣. ការរៀបចំឱ្យមាន ចម្ការគំរូ នៅគ្រប់ឃុំ ដោយមានការដឹកនាំពីមន្ត្រីកសិកម្មឃុំ
-ទី ៤. ការរួមគ្នាកសាង ម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី” ដែលមានស្តង់ដារ GAP និងឈានទៅរកកាហ្វេសរីរាង្គ
-ទី ៥. ការពង្រឹង និងពង្រីកទីផ្សារ តាមរយៈការសហការរវាងអ្នកដាំកាហ្វេ ក្រុមហ៊ុន KOFI និងហាងកាហ្វេក្នុងប្រទេស ព្រមទាំងចាប់ផ្តើមពង្រីកទីផ្សារនាំចេញ។
សូមបញ្ជាក់ថា ការបង្កើតម៉ាកសមូហភាព ជួយផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា ការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលរួម, ការធានាគុណភាពស្ដង់ដារ, និងការបង្កើនជំនឿចិត្តដល់អ្នកប្រើប្រាស់។ ម៉ាកសញ្ញាផលិតផលនេះជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក, បង្កើនតម្លៃបន្ថែម, និងពង្រីកទីផ្សារសម្រាប់សមប្រើប្រាស់ឬសមាគម។ លើសពីនេះ វាក៏ជួយកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយផ្ទាល់ខ្លួន និងទប់ស្កាត់ការក្លែងបន្លំផលិតផលផងដែរ។ ប៉ុន្តែទន្ទឹមនេះសមាជិកអ្នកដាំកាហ្វេត្រូវគោរពតាមបទដ្ឋានរួមដែលបានកំណត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជឿជាក់លើគុណភាព។
សូមរម្លឹកថា កាលពីខែមិថុនា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ ទទួលចុះបញ្ជី សមាគមកាហ្វេកម្ពុជា ដើម្បី ជំរុញនិងអភិវឌ្ឍឧស្សាហកម្មកាហ្វេក្នុងស្រុក ទាំងការដាំដុះ កែច្នៃ និងទីផ្សារកាហ្វេឱ្យកាន់តែប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ។ ទន្ទឹមនេះសមាគមកាហ្វេកម្ពុជា នឹងក្លាយជាវេទិកាជជែកពិភាក្សារវាងកសិករ អាជីវករ អ្នកជំនាញ រួមទាំងភាគីពាក់ព័ន្ធនានារួមគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ ហើយជួយជំរុញឱ្យឧស្សាហកម្មកាហ្វេកម្ពុជាកាន់តែរីកចម្រើន។
សូមបញ្ជាក់ថាដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ជាដំណាំសក្តានុពលខ្ពស់ ដោយសារអាកាសធាតុត្រជាក់ និងដីមានជីវជាតិ ស័ក្តិសមបំផុតសម្រាប់ដំណាំកាហ្វេ។ បើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានអោយដឹងថា ផ្ទៃដីដាំដុះកាហ្វេបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងកាលពីឆ្នាំ ២០២២ ផ្ទៃដីដាំដុះកាហ្វេមានជាង ៣០០ហិកតា ដែលអាចផលិតគ្រាប់កាហ្វេបានប្រមាណ ៦០០តោនក្នុងមួយឆ្នាំ។
នៅឆ្នាំ២០២៣ ដំណាំកាហ្វេ នៅទូទាំង ខេត្តមណ្ឌលគិរី មាន ផ្ទៃដីដាំដុះ សរុប ៣៥១ ហិកតា ហើយ ផ្ទៃដី ប្រមូលផល ៣៤២ ហិកតា ដែលបរិមាណ ផល ៧០៥ តោន ដែល មាន ទិន្នផល ជា មធ្យម ២,០៦១ តោន ក្នុង១ ហិកតា ហើយគិត ត្រឹម ឆ្នាំ ២០២៥ នៅ ទូទាំង ខេត្ត មាន ចំការកាហ្វេ អនុវត្ត សរុប ចំនួន ៦២៧ ហិកតា ដែល មាន បរិមាណផល សរុប ចំនួន ១ ២៤៧ តោន ។ លោក សុង ឃាង បានអោយដឹងទៀតថាកសិករដាំកាហ្វេក្នុងខេត្តមណ្ឌលគិរីភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5, និង ចុងក្រោយនេះនិយមដាំពូជTRS1៕


ប្រភព៖ ក្រសួងព័ត៌មាន