ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទាំងសាលារដ្ឋនិងឯកជនត្រូវតែធ្វើកំណែទម្រង់និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ
(រាជធានីភ្នំពេញ) ៖ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ទាំងសាលារដ្ឋនិងឯកជនត្រូវតែធ្វើកំណែទម្រង់និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ។ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដើម្បីឲ្យដើរទាន់ក្នុងបរិបទសតវត្សទី២១ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រចាំឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងពីកំណែទម្រង់វិស័យអប់រំក្នុងរយៈពេល ១០ឆ្នាំមកនេះ ដូចជាកំណែទម្រង់សាលារៀនជាដើម ដោយគូសបញ្ជាក់ថា កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដោយចាប់ផ្តើមពីការយកចិត្តទុកដាក់លើការអប់រំកុមារតូច ដែលជាដំណាក់កាលខួរក្បាលលូតលាស់យ៉ាងឆាប់រហ័ស។ ឯកឧត្តមបន្តថា ក្នុងបរិបទសតវត្សទី២១ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារនោះ សាលារៀនទាំងរដ្ឋ និងឯកជន បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ក៏ដូចជាការគ្រប់គ្រង។
ប៉ុន្តែទោះបីជាកំពុងស្ថិតក្នុងសម័យទំនើបនេះក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ញើសារទៅគ្រូបង្រៀនថា ត្រូវចងចាំថា សមត្ថភាព បទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានសង្កត់ធ្ងន់ថា វិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ ស្រមើស្រមៃ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា សម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី៕

