ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ ក្នុងក្រុងកំពត

    BY soknita March 17, 2026
    អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ ក្នុងក្រុងកំពត

    (ខេត្តកំពត)៖ កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ ក្នុងក្រុងកំពត។ ក្នុងនោះ ក្រសួមហាផ្ទៃ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។

    តាមការបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។ រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើងក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ ១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ ដែលមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ។

    ចំណែកឯវិថីអាហារដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ ដែលផ្សារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករលក់ដូរក្នុងវិថីអាហានេះ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា សម្រាប់អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារនេះ គឺតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ជាតិ ដល់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។

    ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរក្រុងកំពត ត្រូវចុះត្រួតពិនិត្យការលក់ដូររបស់អាជីវករជាប្រចាំ ពិសេសធ្វើការណែនាំឱ្យអ្នកលក់ទាំងអស់គោរពតាមការណែនាំរបស់អាជ្ញាធរខេត្ត និងរក្សាបរិស្ថានអនាម័យឱ្យបានស្អាតជាប្រចាំ។

    តាមការរំពឹងទុក សមិទ្ធផលទេសចរណ៍ថ្មីនេះ រួមនិងវិថីអាហារ និងសាងសង់រួចរាល់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ហើយសមិទ្ធផលទាំងពីរនេះនឹងកាន់តែធ្វើឱ្យក្រុងកំពត ក៏ដូចជាខេត្តកំពតមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

    សូមបញ្ជាក់ដែរថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ឯកឧត្តមតែងតែគិតគូរជានិច្ចចំពោះការអភិវឌ្ឍលើវិស័យទេសចរណ៍ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត តាមការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: