ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមរាត្រី បានទាក់ទាញភ្ញៀវទេសចរជាង ៧ម៉ឺនាក់ មកទស្សនា ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរ

    BY soknita March 23, 2026
    សមរាត្រី បានទាក់ទាញភ្ញៀវទេសចរជាង ៧ម៉ឺនាក់ មកទស្សនា ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរ

    តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត” ឬសមរាត្រី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៧ម៉ឺននាក់ ស្កាត់មកពីទីជិតឆ្ងាយ ដើម្បីបានឃើញដោយផ្ទាល់នូវទិដ្ឋភាពដ៏អស្ចារ្យនេះ។

    កញ្ញា អេនណា ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ បង្ហាញអារម្មណ៍រីករាយនៅពេលបានមកទស្សនាសមរាត្រីជាលើកទីមួយ។ ធ្លាប់តែមើលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីភាពស្រស់ស្អាតនៃសមរាត្រី ប៉ុន្តែនៅពេលបានមកទស្សនាផ្ទាល់ប្អូនយល់ថា ពិតជាស្រស់ស្អាត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យដែលបុព្វបុរសកសាងឡើង បន្សល់ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ថែមទាំងអាចទាក់ទាញទេសចរបរទេសដែលចង់ឃើញហេតុការណ៍មកទស្សនាដោយផ្ទាល់ផងដែរ។

    សម្រាប់ខ្ញុំផ្ទាល់ពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទេន នេះជាលើកទីមួយរបស់ខ្ញុំ ក្នុងការមកទស្សនាថ្ងៃរះចំកំពូលប្រាសាទ។ ពីមុនក៏ធ្លាប់មកទស្សនានៅប្រាសាទយើងជាច្រើនដងដែរ តែអត់ដែលបានមកទស្សនាថ្ងៃរះចំកំពូលហ្នឹងទេ សម្រាប់ខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់ព្រឹត្តិការណ៍នេះ។ ប្រទេសយើងជាប្រទេសមួយអត់មានប្រទេសដទៃអាចចម្លងបាន ហើយគ្រប់ប្រជាជនមានបេះដូងស្មោះសមែនទេន។ ហើយព្រឹត្តិការណ៍សមរាត្រីនៅអាស៊ីមានតែប្រទេសកម្ពុជាយើងតែមួយទេ។

    ចំណែក អ្នកស្រី កូលាប ធ្វើដំណើរមកពីខេត្តបាត់ដំបង ដើម្បីបំពេញក្តីស្រម៉ៃដែលប៉ងជាលើកច្រើនលើកច្រើនសារ ចង់មកទស្សនាដោយផ្ទាល់នូវព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ដែលបានឃើញភាពដ៏អស្ចារ្យ ស្រស់ស្អាតនៅទីតាំងបុរាណដ្ឋាននៃកម្ពុជា។ អ្នកស្រី ថា ព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបែបនេះ ជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសនៃអាណាចក្រខ្មែរ។

    អរគុណចំពោះអ្វីដែលគាត់បន្សល់ទុកឱ្យយើង ស្នាដៃដ៏មហិមាមិនអាចបរិយាយបានទេ មិននឹកស្មានថាយើងជាកូនខ្មែរ ទទួលកេរមរតកដ៏អស្ចារ្យពីបុព្វបុរសយើង។ តួរយ៉ាងប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌរបស់កម្ពុជា ហើយក៏ជារបស់ពិភពលោក របស់មនុស្សជាតិរាប់លាននាក់លើពិភពលោក ពិតជាអស្ចារ្យ។

    សូមជម្រាបផងដែរថា ភ្ញៀវជាតិនិងអន្តរជាតិ ចូលមកទស្សនាថ្ងៃរះ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ចន្លោះពីម៉ោង៥:០០នាទីព្រឹក ដល់ម៉ោង៧:៣០នាទីព្រឹក មានចំនួនសរុប ៧៤,៩៦៤នាក់។ខណៈជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ក្នុងមួយឆាកជីវិត យើងទាំងអស់គ្នា មិនគួររំលងឱកាសផ្ដិតយកនូវអនុស្សាវរីយ៍ដ៏កម្រនេះ ជាមួយអច្ឆរិយវត្ថុរបស់ពិភពលោកឡើយ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: