ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើប្រជាពលរដ្ឋចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ

    BY soknita March 23, 2026
    រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើប្រជាពលរដ្ឋចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ

    (រាជធានីភ្នំពេញ) ៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋ បានស្នើទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ អ្នកយកព័ត៍មានយើងធ្វើសេចក្តីរាយការណ៍។

    ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំសំចៃផងដែរ ។

    ឯកឧត្តម បន្តថា ការប្រើប្រាស់សន្សំសំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រេ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះបានចូលរួមមួយចំណែកជួយដល់សុខភាព និងសន្សំចៃអគ្គិសនី ។

    “អីចឹងបើយើងសន្សំសំចៃភ្លើងតិចៗម្នាក់ តាមប៉ារ៉ូ តាមផ្ទះ យើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូនដូចជា ការប្រើឡាន EV ជាដើម” ។

    ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា ប្រមុខរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការបានប្រឹងប្រែងស្វះស្វែងរកប្រភពអគ្គិសនី មកបំពេញតម្រូវការក្នុងស្រុក មិនឱ្យពលរដ្ឋខ្វះខាតឡើយ ។

    សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញវិធានការ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំសំចៃថាមពល ។ ក្នុងនោះ ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្ដិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា ។ ជាពិសេសក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: