ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាជាមួយក្រុមហ៊ុនបរទេសមួយ ជំរុញឱ្យមានការអនុវត្តគម្រោងដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុងអគ្គិសនី

    BY soknita March 24, 2026
    រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាជាមួយក្រុមហ៊ុនបរទេសមួយ ជំរុញឱ្យមានការអនុវត្តគម្រោងដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុងអគ្គិសនី

    (ខេត្តសៀមរាច)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ អាជ្ញាធរខេត្តសៀមរាប បានជាមួយក្រុមហ៊ុនប្រឹក្សាប្រតិបត្តិការ Misca Advisors Ltd ដើម្បីប្រជុំពិភាក្សាដោយផ្ដោតលើការពិនិត្យឡើងវិញនូវការសិក្សាពីលទ្ធភាព និងនីតិវិធីលទ្ធកម្ម ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងគោលដៅលើកកម្ពស់ទេសចរណ៍បៃតង និងកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងគោលបំណងបង្កើតសេវាដឹកជញ្ជូនសាធារណៈដែលមានផាសុកភាពសុវត្ថិភាព និងបរិស្ថានស្អាតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមសិក្សាបុរេសមិទ្ធិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតង និងទទួលបានការសម្របសម្រួល និងគាំទ្រពីរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងឆ្នាំ ២០២១។

    ចំពោះការងារនេះ ក្រុមការងារបានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ និងស្ថានីយរងចាំប្រមាណ ៣៣ទីតាំង ដែលមិនមានការប្រែប្រួលមកដល់សព្វថ្ងៃ។ លោក បានបញ្ជាក់ថា ដោយមានការគាំទ្រពីក្រសួងសាធារណការ និងធនាគារពិភពលោក (WB) ក្រោមជំនួយរបស់ ADB បានរៀបចំឱ្យមានការសិក្សាបឋមមួយអំពីប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី លើខ្សែផ្លូវចំនួន៣ ដែលបានសិក្សារួចរាល់ រួមមាន៖ ខ្សែរត់ទី១ ផ្លូវជាតិលេខ៦ ទាំងទៅនឹងមកចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រហូតដល់រង្វង់មូលផ្ការំដួល ស្រុកប្រាសាទបាគង, ខ្សែរត់ទី២ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រិមប្រិយ និងខ្សែរត់ទី៣ ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីស្តុបចុងកៅស៊ូ រត់តាមបណ្តោយវិថីឈ្នះឈ្នះ រហូតដល់ស្តុបឈ្នះឈ្នះ និងបន្តតាមវិថីសម្តេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្តុបគន្ធបុប្ផាមកតាមបណ្ដោយវិថីសម្ដេច វិបុលបញ្ញា សុខ អាន រហូតដល់រង្វង់មូលព្រៃគុយ បន្តឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្តតាមផ្លូវជាតិលេខ៦ រហូតដល់ស្តុបចុងកៅស៊ូវិញ

    លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនី តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយទីក្រុងប្រវត្តិសាស្ត្រនេះឱ្យទៅជា “ទីក្រុងឆ្លាតវៃ និងបៃតង” ហើយនៅពេលប្រព័ន្ធឡានក្រុងមានភាពងាយស្រួល និងទៀងទាត់ វានឹងកាត់បន្ថយការប្រើប្រាស់ម៉ូតូ ឬឡានផ្ទាល់ខ្លួននៅលើដងផ្លូវ។ ចំពោះសុវត្ថិភាពចរាចរណ៍ក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នាដែលមានការគ្រប់គ្រងត្រឹមត្រូវ គឺជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងផងដែរ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: