ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាននៅអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ

    BY soknita March 26, 2026
    រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាននៅអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទកនឱ្យដឹងថា កាលរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋានក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ។

    បច្ចុប្បន្ន អនុវិទ្យាល័យនេះកំពុងសាងសង់អគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយមូលនិធិសាមគ្គីក្រសួងអប់រំ យុវជន និងកីឡា។

    សូមបញ្ជាក់ថា តាមរយៈមូលនិធិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសប្បុរសជននានា ក្រសួងបាននិងកំពុងរៀបចំសាងសង់លេណដ្ឋានពហុបំណងនៅតាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែនដែលប្រឈមហានិភ័យខ្ពស់ ហើយដែលអនុញ្ញាតឱ្យចូលទៅសាងសង់បាន។ គម្រោងនេះមានគោលបំណងការពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន ហើយការត្រៀមលក្ខណៈនេះក៏ជាផ្នែកមួយនៃការអប់រំអំពីហានិភ័យ និងការរក្សាសុវត្ថិភាពពីគ្រោះមហន្តរាយនានា ដោយបង្កប់នូវការបង្រៀនសិស្សឱ្យចេះការពារខ្លួន និងយល់ដឹងពីរបៀបឆ្លើយតបទៅនឹងស្ថានភាពអាសន្នផងដែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: