អាមេរិកនឹងបោះពុម្ពក្រដាសប្រាក់មានហត្ថលេខារបស់លោក ដូណាល់ ត្រាំ ដែលជាប្រវត្តិសាស្រ្តថ្មីក្នុងរយៈពេល ១៦៥ឆ្នាំចុងក្រោយនេះ
អាមេរិក៖ សហរដ្ឋអាមេរិកនឹងបោះពុម្ពក្រដាសប្រាក់ជំនាន់ថ្មី ដែលមានហត្ថលេខារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃ២៧ ខែមីនា។ បើតាមក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា ក្រដាសប្រាក់ជំនាន់ថ្មីនេះនឹងផ្តើមបោះពុម្ពនៅរដូវក្តៅខាងមុខនេះ ពោលគឺនៅដើមខែមិថុនា។

ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេក្រដាសប្រាក់ដែលមានហត្ថលេខារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចំថ្ងៃប្រារព្ធខួបទី ២៥០ នៃទិវាឯករាជ្យភាពអាមេរិក។ សូមបញ្ជាក់ជូនថា នៅលើក្រដាសប្រាក់របស់អាមេរិកនាពេលបច្ចុប្បន្ននេះគឺមានរូបហត្ថលេខារបស់ហេរញ្ញិកអាមេរិក ដែលបានរាយការណ៍ទៅកាន់លេខាធិការរតនាគារ និងការត្រួតពិនិត្យរបស់ការិយាល័យឆ្លាក់និងបោះពុម្ពក្រដាស់ប្រាក់ ខណៈនៅលើក្រដាសប្រាក់ជំនាន់ថ្មីគឺគេនឹងលុបហត្ថលេខរបស់ហេរញ្ញិកអាមេរិកចោលនិងជំនួយមកវិញនូវហត្ថលេខារបស់លោក ដូណាល់ ត្រាំ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មីមួយនៅសហរដ្ឋអាមេរិកផងដែរក្នុងរយៈពេល ១៦៥ឆ្នាំចុងក្រោយនេះ ដែលនៅលើក្រដាសប្រាក់មានហត្ថលេខាប្រធានាធិបតីកំពុងកាន់អំណាច៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia