បណ្ដាទូត និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅឃុំថ្មដាចំនួន៧៦គ្រួសារ ក្រោយយោថៃដាក់ទូរកុងតឺន័រ និងលួសបន្លាមិនឱ្យចូលផ្ទះរបស់ខ្លួន
បណ្ដាទូត និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន៧៦គ្រួសារ ដែលត្រូវយោថៃដាក់ទូរកុងតឺន័រ និងលួសបន្លាមិនឱ្យចូលចូលផ្ទះបាន តាំងពីខែធ្នូ ឆ្នាំ២០២៥។

បណ្ដាទូត និងតំណាងទូតទាំងនោះមានដូចជា ព្រុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបា ឥណ្ឌា ទីម៉័រឡេស្តេ ប្រេស៊ីល ឡាវ វៀតណាម តួគី សហរដ្ឋអាម៉េរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងបណ្តាអង្គការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មានដូចជា UNs OIs UNRC WFP។
ដំណើរទស្សនកិច្ចពីស្ថានភាពជាក់ស្ដែងនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
តាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលដំបូងឡើយមានពលរដ្ឋភៀសសឹកពីឃុំថ្មដាចំនួន៩០០គ្រួសារ បានភៀសខ្លួនមកកាន់ជំរុំសុវត្ថិភាព។ ប៉ុន្តែក្រោយមកចំនួន៧០០ គ្រួសារ ក៏បានវិលត្រឡប់ទៅផ្ទះវិញ។ ដោយឡែកចំនួន ៧៦គ្រួសារ មិនអាចត្រឡប់ទៅផ្ទះវិញបានដោយសារយោធាថៃដាក់លួសបន្លា និងទូរកុងតឺន័រមិនឱ្យចូលផ្ទះ និងភូមិឋានវិញបាន។ ឯកឧត្តមថ្លែងថា ទាំងប្រជាពលរដ្ឋដែលបានទៅរស់នៅភូមិឋានវិញខ្លះ ហើយ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរំភៀសសឹកនៅតែមានភាពភ័យខ្លាច ចំពោះការបង្កសង្គ្រាម និងបំភិតបំភ័យរបស់យោថៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំដោះស្រាយតាមផ្លូវការទូត ក្នុងការទាមទារយកទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃមកវិញ ដោយមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីទាមទារទឹកដីនោះឡើយ។ ការចរចារបស់កម្ពុជា គឺធ្វើឡើងផ្អែកតាមការទូត ដោយយកផែនទីបារាំង-សៀមដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕







ប្រភព វិទ្យុជាតិកម្ពុជា