ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល គាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ

    BY SOMATEY March 27, 2026
    ឯកឧត្តម ស៊ុន ចាន់ថុល គាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ

    ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសម្តែងនូវការគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

    ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដឹកនាំដោយលោក Chen Mingyu ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រ និងជំរុញយ៉ាងមោះមុតលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានរំលេចថា កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។

    ឯកឧត្តមបានផ្តល់នូវអនុសាសន៍គន្លឹះលើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី “ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា” របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសកល។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការត្រៀមលក្ខណៈជាស្រេចរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងវិនិយោគនេះ ដែលនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល កម្ពុជា-ចិន។

    លោក Chen Mingyu បានគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រចំនួនបី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ រួមមាន៖ ១.បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម, ២.ការសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា និង៣.ការផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។

    សូមជម្រាបថា ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development គឺជាសហគ្រាសរដ្ឋឈានមុខ និងមានទ្រង់ទ្រាយធំមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមី ដែលមានគុណភាពស្តង់ដារទទួលស្គាល់ដោយសហរដ្ឋអាម៉េរិក៕

    ប្រភព វិទ្យុជាតិកម្ពុជា

    Share This Post: