ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីរ៉ែ ៖ កប៉ាល់ដឹកប្រេងមួយគ្រឿងបានមកដល់កម្ពុជា និងកប៉ាល់ផ្សេងទៀតកំពុងនាំចូលមកកម្ពុជា

    BY soknita March 30, 2026
    រដ្ឋមន្រ្តីរ៉ែ ៖ កប៉ាល់ដឹកប្រេងមួយគ្រឿងបានមកដល់កម្ពុជា និងកប៉ាល់ផ្សេងទៀតកំពុងនាំចូលមកកម្ពុជា

    (រាជធានីភ្នំពេញ) ៖ តាការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋមន្រ្តីក្រសួងរ៉ែ បានគូសបញ្ជាក់ កប៉ាល់ដឹកប្រេងនិងឧស្ម័នឥន្ធនៈ(LPG) មួយគ្រឿងបានធ្វើដំណើរមកដល់កម្ពុជាហើយ ខណៈកប៉ាល់ផ្សេងទៀតកំពុងបន្តនាំចូលមកកម្ពុជា បើទោះបីសភាពការណ៍សង្គ្រាម នៅមជ្ឍឹមបូព៌ា នៅតានតឹងខ្លាំងក៏ដោយ។

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថ្លែងតាមរយៈវិដេអូប្រមាណជា៧នាទី បង្ហាញពីសកម្មភាពកប៉ាល់ដឹកប្រេងចូលមកផែសមុទ្រនៅព្រះសីហនុ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ថា កប៉ាល់ដឹកប្រេងមួយគ្រឿងបានដឹកមកដល់កម្ពុជាហើយក្នុងចំណោម៥ កប៉ាល់ផ្សេងទៀត ។

    “ថ្ងៃនេះជាការសប្បាយចិត្តរបស់រាជរដ្ឋាភិបាល គឺយើងឃើញថា មានកប៉ាល់ថ្មីមួយដែលចូលមក គឺជាមួយ ក្នុងចំណោមជើងទាំង៥ដែលត្រូវរកចូលប្រចាំខែ ហើយការយក៤-៥ជើងក្នុង១ខែនេះ គឺមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាយើងបានទេ” ។

    ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ជាធម្មតាកម្ពុជាមានតម្រូវការប្រេងផ្គត់ផ្គង់៧ទៅ៨ជើងក្នុងមួយខែ ប៉ុន្តែក្នុងស្ថានភាពដ៏លំបាកនេះ រក៨ជើងអត់បាននោះទេ ដោយសារបច្ចុប្បន្នទីផ្សាកំពុងតានតឹងយ៉ាងខ្លាំង ។ ដូច្នេះក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលប្រើប្រាស់ប្រេងនិងឧស្ម័នហ្គាសដោយការទទួលខុសត្រូវ និងសន្សំសំចៃជាទីបំផុត ។

    ទោះបីជាយ៉ាងណាឯកឧត្តម កែវ រតនៈ បានអះអាងថា មកពេលនេះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងធ្វើសហប្រតិបត្តិការជាមួយដៃគូទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាឱ្យមានប្រេង និងឧស្ម័នប្រើប្រាស់បានគ្រប់គ្នាៗ ។

    ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់មានលក្ខណៈធូរស្រាលនៅឡើយទេ ដោយសារការព្យាករអំពីសង្គ្រាមថា អាចថមថយនោះ ក៏មិនមានភាពច្បាស់លាស់ដែរ ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីរ៉ែនិងថាមពលពន្យល់អំពីទម្ងន់នៃប្រេងឥន្ទនៈ និងម៉ាស៊ូតថា បើសិនជា១ម៉ឺនតោនម៉ាស៊ូត គិតជាលីត្រមានចំនួនជាង ១២លានលីត្រ។ បើប្រេងសាំងវិញ១ម៉ឺនតោនគិតជាលីត្រមានជាង១៤លានលីត្រ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: