ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ទោ សែម រតនា ថ្លែងអំណរគុណចំពោះភាគីបារាំង ដែលបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេស

    BY soknita May 4, 2026
    ឧត្តមសេនីយ៍ទោ សែម រតនា ថ្លែងអំណរគុណចំពោះភាគីបារាំង ដែលបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេស

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឧត្តមសេនីយ៍ទោ សែម រតនា ថ្លែងអំណរគុណចំពោះភាគីបារាំង ដែលបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេស។

    ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំង ដែលចាប់ពីឆ្នាំ២០០៩ ដល់ខែមេសា ឆ្នាំ២០២៦ បានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេសសរុបចំនួន៩៤វគ្គ ដែលមានសិក្ខាកាមសរុបជាង ២០០០នាក់ ក្នុងនោះមានវគ្គក្នុងប្រទេសចំនួន ៧៣វគ្គ មានសិក្ខាកាមចំនួន ២០០៣នាក់ និងវគ្គសិក្សានៅប្រទេសបារាំងចំនួន១៦វគ្គ មានសិក្ខាកាមចំនួន ១៦នាក់។

    ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូយោធាចារ្យបារាំងមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ត្រី Arnaud BRUNAT ទីប្រឹក្សាយោធាបារាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា មានប្រសាសន៍ថា ចំពោះវគ្គហ្វឹកហ្វឺនខាងលើភាគីបារាំងបានផ្តល់ឱ្យសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទលើជំនាញបោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះកំរឹត២ និងប្រឆាំងគ្រឿងផ្ទុះកែច្នៃ (C-IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំងដល់នាយទាហាន បច្ចេកទេសគ្រាប់រំសេវ បោសសម្អាតគ្រឿងផ្ទុះ និងវគ្គសិក្សានៅសាលាសង្គ្រាមជាដើម។

    ក្នុងឱកាសនោះ ក្នុងនាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសំណូមពរដល់ភាគីបារាំង សូមបន្តផ្តល់នូវវគ្គហ្វឹកហ្វឺនថ្មីៗថែមទៀតដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដើម្បីទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ជាទុនសម្រាប់យកទៅបំពេញការងារ ជាពិសេសការចូលរួមក្នុងការរក្សាសន្តិភាពនៅក្រៅប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

    ជាការឆ្លើយតប លោកវរសេនីយ៍ត្រី Arnaud BRUNAT បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វភាគីជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលើការងារហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្តល់នូវចំណេះ និងជំនាញបោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះកម្រិត២ និងប្រឆាំងគ្រឿងផ្ទុះកែច្នៃ (C-IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំងដល់នាយទាហាន បច្ចេកទេសគ្រាប់រំសេវ បោសសម្អាតគ្រឿងផ្ទុះ និងវគ្គសិក្សានៅសាលាសង្គ្រាមជាដើមទៅដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ក្នុងការយកចំណេះដឹង និងជំនាញទាំងនេះទៅបម្រើការងារសម្រាប់អង្គភាព ជាពិសេសសម្រាប់ការចូលរួមក្នុងបេស កកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: