ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តចំនួន៣ មានឱកាសការងារជិត ៩ពាន់កន្លែង កំពុងរង់ចាំអតីតពលករមកពីថៃ

    BY soknita May 6, 2026
    ខេត្តចំនួន៣ មានឱកាសការងារជិត ៩ពាន់កន្លែង កំពុងរង់ចាំអតីតពលករមកពីថៃ

    (រាជធានីភ្នំពេញ) ៖ យោងទៅតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ថា នៅបណ្តាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្តាលចំនួន៣ រួមមាន ខេត្ត កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្តល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

    ក្រសួងការងារ បញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៩៨០កន្លែង កំពុង រង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

    ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

    ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: