៤ខែឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករចំនួនជិត៤៧ ម៉ឺនតោន ទទួលបានចំណូលជាង ២៦៦ លានដុល្លារ
(រាជធានីភ្នំពេញ) ៖ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ៤ខែឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករចំនួនជិត៤៧ ម៉ឺនតោន ទទួលបានចំណូលជាង ២៦៦ លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២៦ នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន ដោយទទួលបានទឹកប្រាក់ជាង ២៦៦ លានដុល្លារ។

ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០។ ក្នុងនោះនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ចំនួន ៣១ បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណវា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២.៩១ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៨.៦៦% ប្រភេទអង្គរសគ្រាប់វែង ២១.៣៨% អង្ករចំហុយ ១.៦៩% អង្ករសរីរាង្គចំនួន ០.៨៩% អង្ករ បាក់គ្រប់ប្រភេទ ១៧.១៨% និងអង្ករផ្សេងៗចំនួន ០.២% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៦៨០ ៨៩១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៧៦.១០ លានដុល្លារសហរដ្ឋអាមេរិក៕


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក