ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន ឆ្នាំ២០២៦

    BY soknita May 11, 2026
    ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន ឆ្នាំ២០២៦

    (រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន ឆ្នាំ២០២៦ នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

    ដោយកាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងលោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៃសាលារៀនគោលដៅ។

    តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើររហូតសម្រេចបាននូវសមិទ្ធផលនេះ។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) នេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដើម្បីជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។

    ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំនៃកត្តាសំខាន់ៗចំនួន ៥ រួមមាន៖ (១) ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល (២) ហេដ្ឋារចនាសម្ព័ន្ធល្អ (៣) ភាពជាអ្នកដឹកនាំរបស់នាយកសាលា (៤) សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និង (៥) ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅ បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី (NGS)។ បន្ថែមពីនេះ ត្រូវជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស ព្រមទាំងរៀបចំកម្មវិធីបំប៉នបន្ថែមដល់សិស្សថ្នាក់ទី៩ ដល់ទី១១ នៅតាមសាលាគោលដៅ ដើម្បីធានាឱ្យបាននូវអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។

    ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួន។ ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ៕

    ប្រភព៖ MoEYS Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay