ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ
យោងទៅតាមការចុំផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ និងចៅៗសិស្សានុសិស្ស ជាប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ជាទីតាំងជាប់ជាមួយផ្ទះបណ្តោះអាសន្នដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សាងសង់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើទោះបីស្ថិតក្នុងកាលៈទេសៈនេះក្តី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្សដោយយកចិត្តទុកដាក់ ដើម្បីបន្តធានាមូលធនមនុស្សក្លាយជាយុវជនល្អប្រកបដោយគុណភាពក្នុងសង្គមជាតិ។
រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់ពីអាទិភាពក្នុងការដោះស្រាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ ដូចជា ការសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ អគ្គិសនី និងទឹកស្អាត ព្រមទាំងការឧបត្ថម្ភគាំទ្រដល់ជីវភាពប្រចាំថ្ងៃ និងការរៀបចំសាលារៀនសម្រាប់សិស្សានុសិស្សបានបន្តការសិក្សា ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានកំពុងស្វែងរកដំណោះស្រាយតាមគ្រប់មធ្យោបាយ ក៏ដូចជាផ្លូវច្បាប់អន្តរជាតិលើបញ្ហាព្រំដែន៕





ប្រភព៖ ក្រសួងព័ត៌មាន