សម្តេចតេជោ ៖ កម្ពុជា-ហុងគ្រី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទោះនៅឆ្ងាយពីគ្នា
(រាជធានីភ្នំពេញ)៖តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជានិងហុងគ្រី ពិតជាមានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ថា សម្តេចតេជោមានប្រសាសន៍ថា ក្នុងពេលដែលឯកឧត្តមទូតបានបំពេញបេសកកម្មជាឯករដ្ឋទូតប្រចាំនៅកម្ពុជា រយៈពេល ៤ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។
អ្នកនាំពាក្យ បន្តថា “សម្ដេចតេជោបានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។ មកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងមកជាមួយគ្នា” ។
ឯកឧត្តម ជា ធីរិទ្ធ បន្ថែមថា ចំពោះឯកឧត្តមទូតហុងគ្រីវិញ ក៏បានលើកឡើងដែរថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា-ហុងគ្រីមានភាពរីកចម្រើន ជាពិសេសគឺការសហការគ្នាទាំងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ ឯកឧត្តម បានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា-ហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នា ក្នុងការរៀបចំពិធីអបអរសាទរនៃខួប៧០ឆ្នាំនេះ ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត៕
