លោក ដូណាល់ ត្រាំ ប្តឹងកាសែត The Wall Street Journal ទាមទារប្រាក់សំណង ១០ពាន់លានដុល្លារ ជុំវិញករណីបរិហារកេរ្តិ៍រូបគាត់
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពាក្យប្តឹង កាសែត The Wall Street Journal ទាមទារប្រាក់សំណងចំនួន ១០ពាន់លានដុល្លារ ជុំវិញករណីបរិហារកេរ្តិ៍រូបគាត់នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែឧសភា។ គួររម្លឹកជូនថា រឿងរាវចម្រូងចម្រាសខាងលើនេះបានកើតឡើងដោយមានការជាប់ពាក់ព័ន្ធទៅនឹងករណីលោក Jeffrey Epstein ដែលបានស្លាប់នៅក្នុងគុកក្នុងទីក្រុង New York កាលពីឆ្នាំ ២០១៩។

សូមបញ្ជាក់ជូនថា លោក Jeffrey Epstein ធ្លាប់ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាជនល្មើសផ្លូវភេទដ៏ល្បីមួយរូប ហើយលោកបានបង្កើតទ្រឹស្តីសម្ងាត់ (Conspiracy Theories) ជាច្រើនក្នុងចំណោមអ្នកគាំទ្រលោក ដូណាល់ ត្រាំ។ ជុំវិញករណីមានទំនាក់ទំនងសម្ងាត់នេះ កាសែត The Wall Street Journal ធ្លាប់បានរាយការណ៍ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលាក់បាំងទំនាក់ទំនងរវាងលោក Jeffrey Epstein ជាមួយក្រុមអ្នកមានអំណាច និងក្រុមអ្នកមានជាច្រើននាក់ ដែលកំពុងនៅក្បែរខ្លួនលោក ដូណាល់ ត្រាំ។ យ៉ាងណាក្តី លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា លោកបានផ្តាច់ទំនាក់ទំនងជាមួយលោក Jeffrey Epstein យូរណាស់មកហើយ ពោលគឺមុនពេលដែលរឿងរាវផ្លូវច្បាប់របស់លោក Jeffrey Epstein បានផ្ទុះឡើងនៅក្នុងឆ្នាំ២០០៦ ទៅទៀត។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកគ្មានការពាក់ព័ន្ធក្នុងបញ្ហាផ្លូវច្បាប់ជាមួយលោក Jeffrey Epstein នោះទេ ហើយលោកនឹងតស៊ូតាមផ្លូវច្បាប់ដល់ទីបំផុតជាមួយគ្រប់កាសែត ដែលបានចុះផ្សាយបរិហារកេរ្តិ៍ពីរូបគាត់៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time