វៀតណាមកំពុងពន្លឿនការសាងសង់កីឡដ្ឋាន Hung Vuong ដែលនឹងក្លាយជាកីឡដ្ឋានធំជាងបង្អស់នៅលើពិភពលោក
វៀតណាម៖ ខណៈដែរមនុស្សជាច្រើននៅលើពិភពលោកកំពុងផ្តោការចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍បាល់ទាត់ World Cup 2026 នោះ ប្រទេសវៀតណាមបានប្រកាសពីផែនការពន្លឿនការសាងសង់កីឡដ្ឋានមួយកន្លែង ដែលនឹងក្លាយជាកីឡដ្ឋានធំជាងគេបង្អស់នៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមិថុនា បានបញ្ជាក់ថា កីឡដ្ឋានរបស់វៀតណាមខាងលើនេះមានឈ្មោះថា Hung Vuong Stadium និងមានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយ។

ប្រភពខាងលើបានបន្តថា តាមផែនការថ្មីគឺកីឡដ្ឋាន Hung Vuong នឹងត្រូវបញ្ចប់ការសាងសង់ត្រឹមខែកក្កដា ឆ្នាំ២០២៧ ដែលជាការបញ្ចប់ការសាងសង់លឿនជាងផែនការចាស់រហូតដល់រយៈពេល ១ឆ្នាំ។ ក្រោយពេលសាងសង់រួច កីឡដ្ឋាន Hung Vuong ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Vingroup នឹងមានកៅអីសម្រាប់អង្គុយទស្សនាការប្រកួតកីឡាផ្ទាល់រហូតដល់ ១៣៥,០០០កៅអី។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះកីឡដ្ឋាន ដែលធំជាងនៅលើពិភពលោក គឺកីឡដ្ឋាន Rungrado នៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time