អាជ្ញាធរហុងកុងចាប់ខ្លួនមនុស្ស ៦នាក់ ជុំវិញករណីរលក់សម្ភារៈក្លែងក្លាយទាក់ទងនឹងព្រឹត្តិការណ៍ World Cup 2026 ដែលមានតម្លៃសរុបជិត ២០លានដុល្លារ
ហុងកុង៖ មនុស្សចំនួន ៦នាក់ត្រូវបានអាជ្ញាធរហុងកុងចាប់ខ្លួនជុំវិញករណីលក់សម្ភារៈក្លែងក្លាយទាក់ទងនឹងព្រឹត្តិការណ៍ World Cup 2026 ដែលមានតម្លៃសរុបប្រមាណជា ១៥៦លានដុល្លារហុងកុង (ជាង ១៩,៩លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែមិថុនា។ យ៉ាងណាក្តី អត្តសញ្ញាណជនសង្ស័យទាំង ៦នាក់នេះ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

បើតាមអាជ្ញាធរហុងកុងបានបញ្ជាក់ថា ក្នុងការបង្ក្រាបករណីខាងលើនេះប៉ូលិសជំនាញក៏បានរឹបអូសសម្ភារៈក្លែងក្លាយបានប្រមាណជា ២៣០,០០០មុខផងដែរ ហើយនៅក្នុងនោះមានសម្ភារៈប្រមាណជា ៣០,០០០មុខគឺជាអាវយឺតកីឡា។ ប្រភពខាងលើបានបន្តថា តាមផែនការគឺ ៨០% នៃមុខទំនិញខាងលើនេះ ក្រុមជនសង្ស័យមានគម្រោងនាំចេញទៅលក់នៅសហរដ្ឋអាមេរិក។ សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ World Cup 2026 កំពុងចាប់ផ្តើមហើយ ដោយមានប្រទេសចំនួន ៣ ចូលរួមធ្វើជាសហម្ចាស់ផ្ទះ រួមមានអាមេរិក ម៉ិកស៊ីកូ និងកាណាដា៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time