ធនាគារ ជីប ម៉ុង បន្តពង្រឹងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមហាគ្រួសារកសិករ
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការចូលរួមក្នុងកម្មវិធី «សំណេះសំណាលជាមួយមហាគ្រួសារកសិករចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា» ដែលរៀបចំឡើងដោយ ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ កម្មវិធីនេះបានប្រមូលផ្តុំកសិករ អ្នកជំនាញ និងភាគីពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងដំណោះស្រាយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា។

ការចូលរួមរបស់ធនាគារ ជីប ម៉ុង បានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការរួមចំណែកជំរុញវិស័យកសិកម្ម ដែលជាវិស័យស្នូលដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងជាប្រភពចម្បងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង តែងតែឈរនៅក្បែរបងប្អូនប្រជាកសិករ និងសហគមន៍មូលដ្ឋាន ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលអាចជួយពង្រឹងអាជីវកម្ម កសិកម្ម បង្កើនផលិតភាព និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ធនាគារ ជីប ម៉ុង បានប្រកាសកញ្ចប់ហិរញ្ញប្បទានទំហំ ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រវិស័យស្រូវ-អង្ករ និងស្វាយចន្ទី ដែលជាវិស័យយុទ្ធសាស្ត្រដ៏មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ និងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។

ធនាគារ ជីប ម៉ុង ជឿជាក់ថា ការពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការគាំទ្រប្រជាកសិករ គឺជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពផលិតផលកម្ពុជា បង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកឱកាសឈានចូលទីផ្សារអន្តរជាតិ។
តាមរយៈការចូលរួមក្នុងកម្មវិធីនេះ ធនាគារ ជីប ម៉ុង រំពឹងថានឹងរួមចំណែកបង្កើតវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង និងការកសាងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងមានចីរភាព។

ធនាគារ ជីប ម៉ុង ជឿជាក់ថា ការអភិវឌ្ឍវិស័យកសិកម្ម មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការបង្កើតការងារ និងអនាគតរបស់ប្រទេសជាតិ។ ធនាគារ ជីប ម៉ុង ជឿជាក់ថា ការអភិវឌ្ឍវិស័យកសិកម្ម មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព។





