ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ក្នុងឆ្នាំ២០២៦

    BY soknita June 16, 2026
    អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ក្នុងឆ្នាំ២០២៦

    (ខេត្តកណ្ដាល)៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញនេះ។

    សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។

    លោក Jérôme Gouadain អគ្គលេខាធិការនៃ Prix Versailles បានបញ្ជាក់ពីការជ្រើសរើសនៅឆ្នាំនេះថា៖ “…មិនថាពួកគេទើបនឹងលេចចេញនៅលើជើងមេឃ ឬបានឆ្លងកាត់ការជួសជុលធំដុំនោះទេ អាកាសយានដ្ឋានទំនើបៗគឺជាភាពច្នៃប្រឌិត ហើយដែលចំណុចសំខាន់ៗត្រូវបានរំលេចដែលទាក់ទងនឹងវប្បធម៌ក្នុងប្រទេស និងតំបន់របស់ពួកគេ។ ភាពច្នៃប្រឌិត ស្ថាបត្យកម្មនៃអាកាសយានដ្ឋាន ការធ្វើទំនើបកម្ម ដើម្បីសម្រួលដល់ការកើនឡើងនៃការធ្វើដំណើរ និងតម្រូវការសម្រាប់ល្បឿនទៅកាន់អាកាសយានដ្ឋានដទៃទៀត”។

    អាកាសយានដ្ឋាន និង/ឬស្ថានីយចេញដំណើរ-ស្ថានីយមកដល់ ចំនួន ៣ ដែលឈ្នះជ័យលាភីពីក្នុងបញ្ជីឆ្នាំ២០២៦នេះ នឹងទទួលបានចំណាត់ថ្នាក់ពិភពលោក ហើយដែលនឹងត្រូវផ្តល់រង្វាន់នៅចុងឆ្នាំ២០២៦នេះ ដោយ Prix Versailles។

    សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ជាអាកាសយានដ្ឋានកម្រិត 4F ដែលមានទុនវិនិយោគប្រមាណ ២ ០០០លានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យយន្តហោះឆ្លងទ្វីបគ្រប់ប្រភេទចុះចតបាន។
    អាកាសយានដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ហើយការសាងសង់ដំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ព្រមទាំងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយប្រើប្រាស់កម្មករ និងស្ថាបត្យកម្មដោយកូនខ្មែរសុទ្ធសាធ។

    សូមបញ្ជាក់ផងដែរថា សម្រាប់ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងទំនិញប្រមាណ ២ ៦០០តោន ពីឆ្នាំ២០២៥-២០៣០។ សម្រាប់ដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០ អាកាសយានដ្ឋានអាចទទួលអ្នកដំណើរបានដល់ប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay