ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យយុវជនត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលបច្ចេកវិទ្យា ក្នុងពិព័រណ៍សិក្សានិងការងារនៅសាលាតិចណូ

    BY Nisaiy KN June 28, 2026
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យយុវជនត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលបច្ចេកវិទ្យា ក្នុងពិព័រណ៍សិក្សានិងការងារនៅសាលាតិចណូ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្គេកវិទ្យាកម្ពុជា (សាលាតិចណូ) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដើម្បីផ្ដល់ការតម្រង់ទិស និងលើកទឹកចិត្តដល់សិស្សនិស្សិតក្នុងការស្វែងរកឱកាសការងារ និងការបន្តការសិក្សា។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» ដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក ក្នុងគោលបំណងឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។

    លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគមអតីតនិស្សិត បានបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ មានការចូលរួមតាំងពិព័រណ៍ចំនួន ៣៣ស្ដង់ រួមទាំងមានថ្នាក់តម្រង់ទិសចំនួន ១៦ថ្នាក់ និងកិច្ចពិភាក្សាតុមូលចំនួន២ ដែលសម្របសម្រួលដោយវាគ្មិនជំនាញៗ ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់យុវជនជំនាន់ក្រោយក្នុងការរៀបចំផែនការអនាគត។

    នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំខ្លួនរបស់យុវជនក្នុងយុគសម័យអន្តរកាលនេះ ដោយបានពន្យល់ថា ការប្រែប្រួលឥតឈប់ឈរនៃបច្ចេកវិទ្យា និងទីផ្សារការងារ មិនមែនជាអ្វីដែលត្រូវបារម្ភនោះទេ ប៉ុន្តែវាទាមទារឱ្យមានការរៀនសូត្រជាប់ជាប្រចាំ។ លោកជំទាវបានលើកទឹកចិត្តដល់សិស្សនិស្សិត ឱ្យខិតខំអភិវឌ្ឍជំនាញអនុវត្តជាក់ស្ដែង ជំនាញឌីជីថល បច្ចេកទេស និងសមត្ថភាពវិភាគដោះស្រាយបញ្ហា ដើម្បីអាចបត់បែនទៅតាមស្ថានភាពជាក់ស្ដែង។

    បន្ថែមលើនេះ លោកជំទាវបណ្ឌិតក៏បានជំរុញឱ្យយុវតីមានភាពក្លាហានក្នុងការជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ ដោយសារស្ត្រីមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ។ ដើម្បីជាត្រីវិស័យសម្រាប់អនាគតរបស់យុវជន លោកជំទាវបណ្ឌិតបានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗ ដោយជំរុញឱ្យសិស្សនិស្សិតជ្រើសរើសជំនាញសិក្សាដោយផ្អែកលើការយល់ដឹងច្បាស់លាស់ពីសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួនឯងជាជាងការដើរតាមគ្នា ព្រមទាំងមិនត្រូវមើលរំលងតម្លៃនៃមុខជំនាញណាមួយឡើយ។ ទន្ទឹមនឹងការខិតខំរៀនសូត្រឱ្យចេះប្រាកដ និងបន្តអភិវឌ្ឍខ្លួនពេញមួយជីវិត យុវជនត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ និងគុណធម៌ជានិច្ច ព្រមទាំងរក្សាស្មារតីដឹងគុណ និងតបស្នងសងគុណចំពោះគ្រួសារ សហគមន៍ និងប្រទេសជាតិ ដើម្បីក្លាយជាកម្លាំងចលករដ៏មានតម្លៃក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay