ម៉ាឡេស៊ីរំពឹងថា ការនាំចេញទុរេនកកកើនឡើងដល់ ១,០០០ តោនរៀងរាល់ខែ បន្ទាប់ពីចិនបើកភ្លើងខៀវក្នុងការនាំចូល
យោងទៅតាមក្រសួងកសិកម្មប្រចាំប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការនាំចេញផ្លែទុរេនកកទាំងមូលទៅកាន់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១,០០០ តោនក្នុងមួយខែ ខណៈពេលដែលការនាំចេញដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទកន្លងមកនេះទទួលបានជោគជ័យ ទោះបីជាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះបានព្រមព្រៀងត្រឹមតែការនាំចេញជាដុំបំណែក និងជាម្សៅទុរេនក៏ដោយ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនការនាំចេញផ្លែទុរេនសរុបរបស់ប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសចិនមានចំនួន ២៣៥.៦២ តោន ស្មើនឹង ៩,៤៤ លានរីងហ្គីត (២,២៦ លានដុល្លារ) ប៉ុន្តែបន្ទាប់ពីការបើកភ្លើងខៀវរបស់ប្រទេសចិនក្នុងការនាំចូលផ្លែទុរេនកកទាំងមូល ម៉ាឡេស៊ីរំពឹងថាការនាំចេញទាំងនេះនឹងអាចឈានដល់ ៥០០ លានរីងហ្គីត សំរាប់តម្លៃនាំចេញប្រចាំឆ្នាំសរុបរបស់ប្រទេសផងដែរ។ លើសពីនេះទៅទៀតបច្ចុប្បន្នក្រុមហ៊ុនចំនួនប្រាំ ត្រូវបានផ្ដល់សិទ្ធិក្នុងការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន ហើយគេរំពឹងថាក្រុមហ៊ុនជាច្រើនទៀតនឹងអាចទទួលបានការអនុញ្ញាតឱ្យនាំផ្លែឈើនេះចេញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការការដាំដុះ និងផលិតផ្លែទុរេនសរុបបានកើនឡើងដល់ ៣៤១,០០០ តោនកាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ២១១,០០០ តោន ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនាពេលអនាគតផងដែរ៕



អត្ថបទ៖ លីនី

