ត្រឹមឆមាសដំបូងក្នុងឆ្នាំនេះ ភ្ញៀវទេសចរចូលទៅទីក្រុងហាណូយរបស់វៀតណាម កើនរហូតដល់ជិត ១៤.៤ លាននាក់
ទីក្រុងហាណូយក្នុងរយៈពេលត្រឹមតែ ៦ខែ ដំបូងនៃឆ្នាំ ២០១៩ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៣ លាននាក់ ដែលវាជាការកើនឡើង ១០.៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយទីក្រុងនេះក៏បានទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ចំនួន ១៤.៤ លាននាក់ នៅក្នុងឆមាសទី ១ នេះ ដែលស្មើនឹងការកើនឡើង ៩.៥% ធៀបនឹងឆ្នាំមុន។ ចំណែកប្រាក់ចំណូលសរុបពីសកម្មភាពទេសចរណ៍រយៈពេល ៦ខែ ដំបូងនេះ បានកើនឡើងរហូតដល់ ៥០.២៤ ពាន់លានដុង (២.២លានដុល្លារ) ដែលស្មើនឹងការកើនឡើង ៣០% ធៀបនឹងឆ្នាំមុន។

នាយកដ្ឋានទេសចរណ៍រំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ២៨.៥៨ លាននាក់ នៅក្នុងឆ្នាំ ២០១៩ ដែលរួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦៨ លាននាក់ផងដែរ។ នាយកដ្ឋានក៏បានកំណត់ទិសដៅក្នុងការរកប្រាក់ចំណូលឱ្យបានចំនួន ៨៧.៧៨ ពាន់លានដុង (៣.៨លានដុលា្លរ) ក្នុងឆ្នាំនេះ និងកើនឡើងអត្រាស្នាក់នៅពី ៦០ ទៅ ៦៥% នៅតាមសណ្ឋាគារ និងផ្ទះសំណាក់។
ដើម្បីលើកកម្ពស់ទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាញទូរទស្សន៍ CNN ដើម្បីណែនាំអំពីវប្បធម៌ប្រវត្តិសាស្រ្ត និងប្រជាជននៃរាជធានីរបស់វៀតណាម។ នាយកដ្ឋានទេសចរណ៍ក៏បានធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីស្វាគមន៍ប្រតិភូមកពីប្រទេសជប៉ុនកាលពីថ្ងៃទី ១៩ ខែមិថុនា ដើម្បីសិក្សាពីទីផ្សារទេសចរណ៍ និងផលិតផលថ្មី។ ភ្នាក់ងារទេសចរណ៍ចំនួន ២៦ មកពីប្រទេសជប៉ុន និងក្រុមហ៊ុនវៀតណាមជាច្រើនក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ៕

អត្ថបទ៖ លីដា