កុំឲ្យកូនៗប៉ះពាល់ប្រទាលនេះឲ្យសោះ ព្រោះមានក្មេងម្នាក់ពុលស្ទើរស្លាប់ ដោយសារប្រទាលនោះ
ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់បានរងគ្រោះថ្នាក់ហើមសាច់ពេញរាងកាយ ហើយផ្នែកខ្លះនៃរាងកាយត្រូវស្ពឹកធ្វើចលនាមិនបាន និងក្អួតស្ទើរតែស្លាប់ ក្រោយពីនាងបានខាំស្លឹករុក្ខជាតិម៉្យាង ដែលម្តាយនាងបានដាំនៅមុខផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្មេងស្រីរងគ្រោះមានឈ្មោះថា Nashwa។ តាមម្តាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់បានទុកឲ្យកូនស្រីនៅលេងមុខផ្ទះតែម្នាក់ឯង ហើយកូនស្រីរបស់គាត់ក៏បានទៅបេះស្លឹកប្រទាលមកខាំលេង ហើយបន្តិចក្រោយមកនាងក៏មានអាការដូចខាងលើតែម្តង។ ក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា ក្មេងស្រីរងគ្រោះបានពុលស្លឹកប្រទាល ដែលនាងបានខាំនោះ តែសំណាងល្អវេជ្ជបណ្ឌិតអាចជួយសង្គ្រោះជីវិតក្មេងស្រីរងគ្រោះបានទាន់ពេលវេលា។
ប្រទាលដែលមានជាតិពុលនោះមានឈ្មោះជាផ្លូវការថា Dieffenbachia ហើយរុក្ខជាតិប្រភេទនេះមានដុះលូតលាស់នៅតាមបណ្តាប្រទេសជាច្រើននៅតំបន់ត្រូពិត។ សូមលោកអ្នកពិនិត្យមើលរូបប្រទាលនេះឲ្យបានច្បាស់លាស់ និងការពារកុំឲ្យកូនៗលោកអ្នកប៉ះពាល់រុក្ខជាតិនេះជាដាច់ខាត ព្រោះវាអាចមានជាតិពុល និងបង្កគ្រោះថ្នាក់ដូចក្នុងករណីនេះ៕


អត្ថបទ៖ ភក្តី