ខាត់ វ៉ៃហាំង៖ “ចិត្តខ្ញុំដូចត្រូវគេសណ្តំ ពេលថតនៅតំបន់ប្រាសាទ អមដោយរបាំបុរាណខ្មែរ”
ការទទួលថតរឿងភាគបែបបុរាណ និងសម័យលាយបញ្ជូលគ្នាក្នុងខ្សែរឿងតែមួយដូចជារឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» របស់ស្ថានីយទូរទស្សន៍PNN គឺជាលើកទីមួយហើយសម្រាប់ជីវិតជាអ្នកសិល្បៈរបស់តារាប្រុសដ៏មានប្រជាប្រិយភាព លោក ខាត់ វ៉ៃហាំង។ លោកបានអះអាងថា ត្បិតកន្លងមកខ្លួនធ្លាប់គ្រងសម្លៀកបំពាក់សម្តែងជាតួអង្គមួយចំនួនក្នុងសាច់រឿងល្ខោនខោល តែនោះជាការងារថតរូបដើម្បីជួយផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ជាតិ ខុសប្លែកអំពីការងារថតរឿង ដែលត្រូវតុបតែងហើយស្លៀកសម្លៀកបំពាក់បែបបុរាណជាច្រើនថ្ងៃ ក្នុងអំឡុងពេលច្រើនខែទម្រាំការងារបញ្ចប់។ ទោះការស្លៀកសម្លៀកបំពាក់បែបបុរាណលំបាកបន្តិច តែលោកក៏ចូលចិត្តការស្អិតស្អាងខ្លួនបែបបុរាណ។
រូបភាពដែលធ្វើឱ្យតារាប្រុសរូបនេះដក់ចិត្តចងចាំខ្លាំងជាងគេ ហើយតែងរីករាយជានិច្ចរាល់លើកដែលរំឭកដល់នោះ គឺឆាកសម្តែងនៅក្នុងប្រាសាទតាព្រហ្ម ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទិដ្ឋភាពគ្រប់យ៉ាងស្រស់ស្អាតប្រៀបដូចឋិតក្នុងការយល់សប្តិ ព្រោះពេលនោះថតឆាកប្រជាពលរដ្ឋធ្វើបុណ្យភូមិក្នុងបរិវេណប្រាសាទ ហើយម្នាក់ៗស្លៀកពាក់សុទ្ធជាសម្លៀកបំពាក់សម័យបុរាណ នាំគ្នាទស្សនាការសម្តែងរបាំបុរាណចម្រុះប្រភេទទាំងយប់ថ្ងៃ មានដូចជារបាំក្ងោកពោធិសាត់ របាំអប្សរា និងរបាំជូនពរជាដើម ដូច្នេះមនុស្សចូលរួមក៏ច្រើន ឯរូបភាពវិញក៏កាន់តែអស្ចារ្យខ្លាំងឡើងថែមទៀត។ លោក វ៉ៃហាំងបានរៀបរាប់ថា “ពេលហ្នឹងខ្ញុំដើរមើលគេ ព្រោះយើងជាមេទ័ព យើងដើរមើលគេអ៊ីចឹង! មានអារម្មណ៍ថាសប្បាយចិត្ត ព្រោះឃើញសិល្បករសិល្បការិនីតែងខ្លួនជាអ្នករបាំតាមប្រភេទនិមួយៗខុសប្លែកគ្នា ដូច្នេះវាស្រស់ស្អាតខ្លាំង ហើយក៏ដក់ជាប់អារម្មណ៍ខ្លាំងដូចគ្នា ជាពិសេស គឺបានឃើញតួឯកស្រីនៅទីនោះតែម្តង”។
ក្រៅពីឆាកសម្តែងដែលរីករាយ ការថតរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» ក៏ប្រឈមនឹងការលំបាកមួយចំនួនដែរ លោក វ៉ៃហាំងបានរម្លឹកថា ឆាកដែលធ្វើឱ្យលោក រួមនឹងក្រុមការងារលំបាកខ្លាំងជាងគេ គឺថតសកម្មភាពធ្វើសង្គ្រាម ព្រោះមនុស្សច្រើនពិបាកគ្រប់គ្រង ឯអាកាសធាតុថ្ងៃខ្លះក៏ក្តៅខ្លាំង រហូតធ្វើឱ្យរបកស្បែកខ្នងតួសម្តែងខ្លះថែមទៀតផង។ ទោះត្រូវឆ្លងកាត់ការលំបាក ហើយអត់ធ្មត់ខ្លាំងយ៉ាងណាក៏តួសម្តែងគ្រប់រូបអាចញញឹមបាន ក្រោយបានឃើញលទ្ធផលចុងក្រោយទទួលបានវីដេរឿងប្រកបដោយគុណភាព។
តើភាពប្រែប្រួលនៃស្នេហាក្នុងរឿងភាគថ្មី «និស្ស័យស្នេហ៍នាងមនោរាហ៍» របស់ទូរទស្សន៍PNN រវាងកំលោះសង្ហាលោក ខាត់ វ៉ៃហាំង និងកញ្ញាសុភាពទន់ភ្លន់ ស៊ីន យូប៊ីន នឹងក្លាយទៅជាយ៉ាងណា? តើតួអង្គឯកប្រុសស្រីមួយគូនេះត្រូវឆ្លងកាត់នូវឧបសគ្គអ្វីខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់រៀងរាល់សប្តាហ៍នាថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧:៥០នាទី រហូតម៉ោង៩យប់។
សូមទស្សនាវីដេអូខ្លី៖
https://www.facebook.com/PNNTVCambodia/videos/1498486796954886/
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា



