ស្ត្រីម្នាក់ស្លាក់តែគុជថប់ដង្ហើមរហូតដល់ស្លាប់
ចិន៖ សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តញ៉ាំតែគុជ សូមមេត្តាប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះការលេបគ្រាប់គុជចូលទៅក្នុងពោះដោយមិនបានយកចិត្តទុកដាក់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលោកអ្នកបាន។ ជាក់ស្ដែងបើយោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា មានស្រ្តីជនជាតិចិនបានស្លាប់ភ្លាមៗ ក្រោយគ្រាប់គុជនៅក្នុងតែគុជនាងកំពុងតែញ៉ាំបានធ្លាក់ចូលទៅក្នុងបំពងខ្យល់របស់នាង។ តាមប្រភពដដែលនេះបានបញ្ជាក់ថា ក្នុងថ្ងៃកើតហេតុស្រ្តីជនរងគ្រោះបានទៅទិញតែគុជញ៉ាំជាធម្មតា តែថ្ងៃនេះនាងហាក់មានលក្ខណៈប្រញាប់ប្រញាល់ និងស្រែកទឹកខុសធម្មតា។
ក្រោយញ៉ាំតែគុជបានតែបន្តិចនាងក៏មានបញ្ហាថប់ដង្ហើម ត្រជាក់ពេញខ្លួន និងដួលសម្លប់តែម្តង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញគ្រាប់គុជចំនួន ៣ គ្រាប់នៅក្នុងបំពងខ្យល់របស់នាង ទើបធ្វើឲ្យនាងស្ទះដង្ហើម និងគ្មានឧកស៊ីសែនក្នុងរាយកាយ ដែលជាហេតុធ្វើឲ្យនាងស្លាប់តែម្តង។ តាមរយៈបទពិសោធណ៍អាក្រក់នេះសូមរម្លឹកជាថ្មីម្តងទៀតថា អ្នកចូលចិត្តញ៉ាំតែគុជទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងញ៉ាំវាដោយត្រឹមត្រូវចៀសវាងជួបរឿងអកុសលដូចករណីខាងលើនេះ៕

អត្ថបទ៖ ភក្តី