ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ចេញគោលការណ៍ហាមមិនឲ្យអ្នកធាត់ជ្រុលអង្គុយកៅអីប្រភេទនេះក្នុងយន្តហោះរបស់ខ្លួន
ថៃ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានបំពាក់នូវខ្សែក្រវ៉ាត់ការពារ និងពោងសុវត្ថិភាពសម្រាប់កៅអី Business Class ដែលការបំពាក់ប្រព័ន្ធសុវត្ថិភាពថ្មីនេះអាចធានាបានសុវត្ថិភាពសម្រាប់អ្នកដំណើរទូទៅច្រើនជាងមុន តែវាមានបញ្ហាមួយសម្រាប់អ្នកដែលធាត់លើសទម្ងន់។
បើយោងទៅតាមសារព័ត៌មាន The Bangkok Post បានឲ្យដឹងថា ខ្សែក្រវ៉ាត់ការពារនេះមិនបានច្នៃឡើងសម្រាប់អ្នក ដែលធាតុលើទម្ងន់នោះទេ ព្រោះខ្សែក្រវ៉ាត់នេះច្នៃឡើងសម្រាប់អ្នកមានទំហំចង្កេះធំបំផុតត្រឹម ១៤២ សង់ទីម៉ែត្រ។ អ្នកដែលមានទំហំចង្កេះធំជាងនេះ មិនអាចប្រើប្រាស់ខ្សែរក្រវ៉ាត់ការពារនេះបានឡើយ ហើយពោងសុវត្ថិភាពទៀតសោធ គឺអាចការពារបានត្រឹមតែអ្នកដែលអាចអង្គុយពេញស្តង់ដារកៅអីតែប៉ុណ្ណោះ ដូចនេះវាមានន័យថា អ្នកដែលធាត់ជ្រុល ឬមានទំហំចង្កេះធំជាង ១៤២ សង់ទីម៉ែត្រមិនអាចទទួលបានគុណប្រយោជន៍ពីពោងសុវត្ថិភាពថ្មីនេះទេ។

មួយវិញទៀត អ្នកដំណើរ ដែលមានកូនតូចក៏មិនអាចទទួលបានគុណប្រយោជន៍ពីពោងសុវត្ថិភាពថ្មីនេះទេ។ ដូចនេះអ្នកដែលធាត់លើសទម្ងន់ និងត្រូវបានគេហាមឃាត់មិនឲ្យអង្គុយក្នុងកៅអី Business Class នេះទេ។ សូមបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុន Thai Airways International ដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចខាងលើនេះ គឺជាយន្តហោះប្រភេទ Boeing 787 Dreamliner។
ហើយការហាមឃាត់មិនឲ្យអ្នកធាត់លើសទម្ងន់អង្គុយក្នុងកៅអី Business Class នៅក្នុងប្រទេសថៃនេះមិនមែនជារឿងចម្លែកសម្រាប់ពិភពលោកទេ ព្រោះថាកន្លងមកបណ្តាក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់អឺរ៉ុបក៏ធ្លាប់អនុវត្តគោលការណ៍នេះដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ xinhuanet