បុរសម្នាក់ជាប់គុកជាង២០ឆ្នាំ ដោយសារតុលាការកាត់ទោសច្រលំ ចុងក្រោយបានត្រឹមទទួលប្រាក់សំណងជាងកន្លះលានដុល្លារ
ចិន៖ បុរសម្នាក់ទទួលបានប្រាក់សំណងជាងកន្លះលានដុល្លារ ក្រោយតុលាការកាត់ទោសច្រឡំអស់រយៈពេល ២៣ ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Jilin ភាគខាងលិចប្រទេសចិន ហើយបុរសដែលត្រូវបានគេឃុំខ្លួនច្រលំនោះមានឈ្មោះថា Jin Zhehong បច្ចុប្បន្នមានអាយុ ៥០ ឆ្នាំ។ សូមរម្លឹកជូនថា កាលពីឆ្នាំ ១៩៩៦ ពោលគឺនៅពេលដែលលោក Jin Zhehong មានអាយុ ២៧ ឆ្នាំម្លះ គាត់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោមបទចោទថា គាត់បានរំលោភ និងសម្លាប់មនុស្សស្រីម្នាក់ដែលមានអាយុ ២០ ឆ្នាំ ហើយគាត់ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។ ក្នុងអំឡុងពេលដែលគាត់ជាប់គុកជាច្រើនឆ្នាំមកនេះ ម្តាយរបស់គាត់បានស្លាប់បាត់ ហើយប្រពន្ធរបស់គាត់មានប្តីថ្មីម្នាក់ទៀតផងដែរ ខណៈគាត់មានកូនប្រុសម្នាក់ដែលតែងតែមកសួរសុខទុក។

ពេលលោក Jin Zhehong មានអាយុ ២៧ ឆ្នាំ
យ៉ាងណាក្តី កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ក្រុមសាច់ញាតិរបស់លោក Jin Zhehong បានរកឃើញភស្តុតាងដែលបង្ហាញថា លោក Jin Zhehong មិនមែនជាអ្នកប្រព្រឹត្តិបទល្មើសឡើយ ដោយមានគេទម្លាក់កំហុសមកលើគាត់តែប៉ុណ្ណោះ ហើយរហូតមកទល់នឹងពេលថ្មីៗនេះទើបតុលាការសម្រេចដោះលែងគាត់ឲ្យមានសេរីភាពវិញ។ ទន្ទឹមនឹងការដោះលែងនេះ គាត់ត្រូវទទួលប្រាក់សំណងលើការឃុំខ្លួនគាត់ច្រឡំចំនួន ៤,៦៨ លានយន់ (៦៥៧ ០០០ ដុល្លារអាមេរិក) ប្រាក់សំណងនេះត្រូវបានបែងចែកជាពីរផ្នែកគឺមួយផ្នែកសងលើការប៉ះពាល់ផ្លូវចិត្តរបស់គាត់មានចំនួន ២,០១ លានយន់ (២៨២ ០០០ ដុល្លារអាមេរិក) និងមួយផ្នែកទៀតសងលើការបាត់បង់សេរីភាពរបស់គាត់មានចំនួន ២,៦៧ លានយន់ (៣៧៥ ០០០ ដុល្លារអាមេរិក)។ សូមបញ្ជាក់ថា ការទូទាត់ប្រាក់សំណងនេះត្រូវបានផ្តល់ជូនក្នុងមួយថ្ងៃចំនួន ៣១៦ យន់ ( ៤៤ ដុល្លារអាមេរិក) ហើយលោក Jin Zhehong ត្រូវឃុំខ្លួនអស់រយៈពេល ៨ ៤៥២ ថ្ងៃ ទើបសុរបទៅគាត់ត្រូវបានជាងកន្លះលានដុល្លារ៕
អត្ថបទ៖ ភក្តី
