តើប្រិយមិត្តជាអ្នកគោរពព្រះពុទ្ធសាសនាគិតដូចម្តេចដែរ ពេលឃើញរូបគំនូរមានព្រះកេសជាព្រះពុទ្ធតែដងខ្លួនជាតួអង្គ Hero ជប៉ុនដូចនេះ?
ថៃ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃបាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះរូបគំនូររបស់និស្សិតសាកលវិទ្យាល័យម្នាក់ ដែលបានគូររូបដោយមានព្រះកេសជាព្រះពុទ្ធតែមានរូបរាងជាតួអង្គ Hero ក្នុងរឿងជប៉ុនទៅវិញ។ និស្សិតដែលជាម្ចាស់គំនូរនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ គេគ្រាន់ដឹងថារូបគេជានិស្សិតសិក្សាផ្នែកសិល្បៈគំនូរម្នាក់ ហើយជារឿយៗស្នាដៃរបស់គេត្រូវបានគេយកទៅដាក់បង្ហាញក្នុងកម្មវិធីធំជាច្រើន។
យ៉ាងណាក្តី ចំពោះរូបគំនូរដែលកំពុងទទួលរងនូវការរិះគន់នេះវិញក៏មានទឹកដៃល្អមិនធម្មតាដែរ តែសម្រាប់ផ្នត់គំនិតប្រជាពលរដ្ឋថៃដែលប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននោះបែរជាយល់ឃើញថា វាការមើលងាយនិងប្រមាថដល់ព្រះពុទ្ធសាសនាទៅវិញ ហើយពួកគេបានទាមទាឲ្យម្ចាស់គំនូរចេញមុខមកសុំទោសជាសាធារណៈ។

ឆ្លើយតបទៅនឹងការរិះគន់នេះលោក Chalermchai Kositpipat ជាសិល្បៈករជាន់ខ្ពស់ និងជាអ្នកបង្កើតប្រាសាទសដ៏អស្ចារ្យមួយសម្រាប់ប្រទេសថៃនោះ បានចេញមុខមកការពារម្ចាស់គំនូរ និងទទូចស្នើសុំឲ្យប្រជាពលរដ្ឋថៃបើកចិត្តឲ្យទូលាយជាងនេះទៅវិញ។ លោកបានបកស្រាយពន្យល់ថា៖ រូបគំនូរនេះបង្ហាញពីគំនិតច្នៃប្រឌិត និងការស្រមើស្រមៃបានយ៉ាងអស្ចារ្យពីសំណាក់អ្នកគូរ ព្រោះរូបភាពនេះមិនធ្លាប់មានឡើយ ហើយអ្នកដែលអាចស្រមៃចេញរូបនេះ និងគូរវាចេញជាផ្ទាំងគំនូរទៀតនោះមិនមែនជារឿងងាយឡើយ ហើយបុគ្គលប្រភេទនេះហើយដែលនឹងក្លាយជាធនធានសិល្បៈករផ្នែកគំនូររបស់ប្រទេសជាតិនោះ។
លោក Chalermchai Kositpipat បន្តថា៖ ពាក្យថាសិល្បៈនៃការគូររូបគឺមានអត្ថន័យទូលំទូលាយណាស់ មិនមែនតូចចង្អៀតដូចដែលសាធារណៈជនកំពុងគិតនោះទេ។ នៅទីនេះពួកយើងគោរពព្រះពុទ្ធសាសនាជាទីបំផុត តែសិល្បៈនៃការគូររូបជារឿងមួយផ្សេងទៀតដែលគេខំប្រើគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតស្នាដៃថ្មីផងដែរ។ ចុងក្រោយលោកបានទទូចម្តងហើយម្តងទៀតថា សុំសាធារណៈជនទាំងអស់មេត្តាបើកចិត្តឲ្យធំលាយដើម្បីទទួលយករឿងនេះដាក់ក្នុងបេះដូងផងដោយក្តីរីករាយផង។ សម្រាប់ប្រិយមិត្តដែលជាអ្នកគោរពព្រះពុទ្ធសាសនាដែរ តើមានគំនិតដូចម្តេចដែរជុំវិញរឿងចម្រូងចម្រាសខាងលើនេះ?



អត្ថបទ៖ភក្តី