ឃាត់ខ្លួនបុរស២នាក់ ជាខ្មែរ និងឡាវ ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា ព្រមទាំងរឹបអូសគ្រឿងញៀនចំនួន៣គីឡូ
ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ ១ក្រុម នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ដុសវណ្ណា វឌ្ឍនៈ នាយការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) បានចុះសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជា នៅទឹសឦសាន ។
ជាក់ស្តែង សមត្ថកិច្ចជំនាញបាន សហការរួមគ្នា(មន្ទីរ-ខេត្តរតនគីរី) បើកការស្រាវជ្រាវ ក្រុមបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា ដែលមានមុខសញ្ញាជនជាតិឡាវ-ខ្មែរ អស់រយៈពេលជិត ២ខែមកហើយ ។ លុះនៅវេលាម៉ោង ១១.០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចបានបើកកិច្ចប្រតិការបង្ក្រាបជាក់ស្តែង នៅពេលមុខសញ្ញាកំពុងជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុច ក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្រឹងត្រែង ។
ជនសង្ស័យ២នាក់ មាន ១-ឈ្មោះ ថង់ ភីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ឡាវ មុខរបរ កសិករ ២-ឈ្មោះ ឡៃ ស៊ូលីប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ វត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) 2896.46g , ម៉ូតូ ១គ្រឿង ទូរស័ព្ទ ១គ្រឿង ៕



ប្រភព៖ Anti-Drug Department