ថៃចង់បង្កើតច្បាប់អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដើមកញ្ឆាបានក្នុងមួយផ្ទះ ៦ ដើម
ថៃ៖ គណបក្ស Bhumjaithai ដែលជាគណបក្សធំលំដាប់ទី៣ ក្នុងប្រទេសថៃ និងជាគណបក្សមួយដែលបានចូលរួមបង្កើតរដ្ឋាភិបាលថៃដែរនោះ បានដាក់សេចក្តីស្នើសុំបង្កើតច្បាប់ថ្មីមួយទៅកាន់រដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដើមកញ្ឆាបានទៅតាមផ្ទះរបស់ពួកគេ។ សំណើមួយច្បាប់នេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យវិទ្យាស្ថានមានអាជ្ញាប័ណ្ណមួយចំនួនអាចដាំដើម្បីកញ្ឆាបានសម្រាប់ប្រើប្រាស់ផលិតជាថ្នាំពេទ្យ។
បើតាមលោក Supachai Jaisamut សមាជិករដ្ឋសភាមកពីគណបក្ស Bhumjaithai បានបញ្ជាក់ថា សំណើមួយនេះត្រូវបានគណបក្សលោករៀបចំមួយឆ្នាំមកហើយ ដែលក្នុងនោះគេចង់ឲ្យមានច្បាប់អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដើមកញ្ឆាបានក្នុងមួយផ្ទះចំនួន ៦ដើម ហើយប្រជាពលរដ្ឋអាចប្រើប្រាស់កញ្ជាទាំងនោះសម្រាប់ព្យាបាលជំងឺ ឬលក់មកឲ្យវិទ្យាស្ថានមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋាភិបាលក្នុងការទិញកញ្ឆាទាំងនោះសម្រាប់ផលិតជាថ្នាំពេទ្យ តែប្រជាពលរដ្ឋមិនអាចជក់កញ្ឆាទាំងនោះ ឬចែកចាយសម្រាប់ផលិតជាគ្រឿងញៀនបានទេ ព្រោះវានឹងក្លាយជាអំពើខុសច្បាប់ដែលអាចជាប់គុករហូតដល់ទៅ ១០ ឆ្នាំ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនៅមិនទាន់មានសេចក្តីសម្រេចណាមួយជុំវិញសំណើមួយនេះនៅឡើយទេ។ សូមបញ្ជាក់ជូនថា កញ្ឆាអាចប្រើជាគ្រឿងញៀនផង និងអាចប្រើប្រាស់ផលិតជាថ្នាំពេទ្យបានយ៉ាងល្អផង ហើយប្រសិនបើថៃអាចផលិតថ្នាំពេទ្យដែលចម្រាញ់ចេញពីរុក្ខជាតិនេះបានត្រឹមត្រូវនោះ វានឹងក្លាយជាថ្នាំពេទ្យដែលមានគុណភាពខ្ពស់ដូចថ្នាំដែលគេផលិតនៅសហរដ្ឋអាមេរិកអីចឹងដែរ៕

អត្ថបទ៖ភក្តី