សត្វខ្លាចំនួន ៨៦ក្បាលបានស្លាប់ជាបន្ដបន្ទាប់ ក្រោយរយៈពេល ៣ឆ្នាំ សង្គ្រោះចេញពីវត្តមួយនៅក្នុងប្រទេសថៃ
ថៃ៖ សត្វខ្លាចំនួន ៨៦ក្បាល ដែលធ្លាប់ត្រូវបានជួយសង្គ្រោះពីវត្តប៉ាហ្លួងតាបៅ (Pa Luang Ta Bua) ឬវត្តខ្លាបានស្លាប់ បន្ទាប់ពីរយៈពេល ៣ឆ្នាំ ចាប់តាំងពីមានការជួយសង្គ្រោះពួកវា។ ព្រះវិហារក្នុងខេត្ត Kanchanaburi មួយនេះ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ធំមួយ ដែលមានអ្នកទេសចរតម្រង់ជួរគ្នា ដើម្បីថតរូបជាមួយសត្វខ្លាធំៗ ឬផ្តល់ចំណីឱ្យពួកវា ក្នុងតម្លៃ ៦០០បាត (១១ផោន)។ ក្រោយមកអាជ្ញាធរបានចុះទៅ និងដកហូតសត្វខ្លាបានចំនួន ១៤៧ក្បាល កាលពីឆ្នាំ២០១៦ ពីវត្ត បន្ទាប់ពីមានពាក្យបណ្តឹងពីការជួញដូរសត្វ។

មន្ដ្រីប៉ូលីសបានវាយឆ្មក់ និងបានរកឃើញសាកសពសត្វខ្លាចំនួន ៤០ក្បាល នៅខាងក្នុងម៉ាសីនកក ក៏ដូចជាផ្នែកនៃរាងកាយសត្វផ្សេងៗទៀត។ ប៉ុន្តែព្រះសង្ឃដែលគង់នៅវត្តនោះ តែងតែបដិសេធរាល់ការអះអាងអំពីការប្រព្រឹត្តមិនត្រឹមត្រូវ ការជួញដូរ ឬការបង្កាត់ពូជខុសច្បាប់។ លុះក្រោយមកទៀតសត្វខ្លាទាំង ១៤៧ក្បាល ត្រូវបានគេយកទៅដាក់នៅជម្រកសត្វចំនួន ២ ប៉ុន្តែគួរឱ្យស្ដាយ ពាក់កណ្ដាលនៃចំនួនទាំងនោះបានស្លាប់។
យោងតាមអាជ្ញាធរឱ្យដឹងថា សត្វខ្លាជាច្រើនត្រូវបានស្លាប់ដោយសារតែការវាយប្រហារពីវីរុសមួយប្រភេទ ខណៈពេលពួកវាចុះខ្សោយដោយសារតែភាពតានតឹងនៃការជួយសង្គ្រោះ និងការផ្លាស់ប្តូរទីជាបន្តបន្ទាប់។ អាជ្ញាធរក៏បានអះអាងផងដែរថា សត្វខ្លាមានបញ្ហាហ្សែន ដោយសារការបង្កាត់ពូជខុសច្បាប់ទៀតផង។ ហេុតដូច្នេះហើយទើបពួកវាគ្មានប្រព័ន្ធភាពស៊ាំខ្សោយ និងធ្វើឱ្យពួកវាស្លាប់រយៈពេលមិនប៉ុន្មានឆ្នាំបន្ទាប់ពីសង្គ្រោះរួច៕


អត្ថបទ៖ លីដា