ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកពាក់វ៉ែនតាមិនគួរមើលរំលង គន្លឹះងាយៗដើម្បីបំបាត់ស្នាមឆ្កូតចេញពីកញ្ចក់វ៉ែនតាទាំងនេះ

    BY Khmernote Media March 31, 2018
    អ្នកពាក់វ៉ែនតាមិនគួរមើលរំលង គន្លឹះងាយៗដើម្បីបំបាត់ស្នាមឆ្កូតចេញពីកញ្ចក់វ៉ែនតាទាំងនេះ

    អ្នកពាក់វ៉ែនតាគ្រប់គ្នាប្រាកដជាបានដឹងអំពីការពិតមួយ គឺមិនថាអ្នកមានការប្រុងប្រយ័ត្នយ៉ាងម៉េចនោះទេ កញ្ចក់វ៉ែនតានៅតែមានឆ្កូតទាល់តែបាន។ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពផ្លាស់ប្ដួរកញ្ចក់រហូតឡើយ។ ទោះជាមានលទ្ធភាពក៏ដោយ ក៏អ្នកមិនគួរខ្ជះខ្ជាយទិញវ៉ែនតាថ្មី ឬផ្លាស់ប្ដូរកញ្ចក់ចេញភ្លាមៗតែម្ដងដែរ។ អ្នកគួរសាកល្បងព្យាយាមជួសជុលកែច្នៃដោយខ្លួនឯងសិន។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដែលនឹងជួយអ្នកដោះស្រាយបញ្ហាស្នាមឆ្កូតបានយ៉ាងល្អប្រសើរ ៖

    ១. ប្រើប្រាស់ថ្នាំដុសធ្មេញ ៖ ជ្រើសរើសប្រើនូវថ្នាំដុសធ្មេញប្រភេទធម្មតាដែលគ្មានជែល មិនសម្រាប់ធ្វើឲ្យធ្មេញស ឬមានផ្ទុកជាតិអង្កាម។ ហើយអ្វីត្រូវធ្វើ គឺគ្រាន់តែច្របាច់ថ្នាំដុសធ្មេញដាក់លើសំឡី ហើយជូតទៅលើស្នាមឆ្កូតទាំងឡាយដែលមាននៅលើកញ្ចក់វែ៉នតាសម្រាប់រយៈពេល ១០ វិនាទី។ បន្ទាប់មកសឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ អ្នកអាចអនុវត្តន៍សារឡើងវិញម្ដងទៀត ប្រសិនបើចាំបាច់។

    ២. ទឹកសម្រាប់បាញ់សម្អាតកញ្ចក់ និងសាប៊ូលាងចាន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយវាបញ្ចូលគ្នាចំនួនពី ២ ទៅ ៣ ដំណក់។ បន្ទាប់មកប្រើប្រាស់សំឡី ឬក្រណាត់ស្អាតជ្រលក់ចូល ហើយជូតទៅលើកញ្ចក់វ៉ែនតាជាការស្រេច។ វិធីនេះនឹងជួយកម្ចាត់ស្នាមប្រឡាក់ និងភាពកខ្វក់ ឬធូលី។

    ៣. ប្រើប្រាស់ផលិតផលសម្រាប់ខាត់វត្ថុដែលធ្វើពីស្ពាន់ ឬប្រាក់ ៖ របៀបអនុវត្តន៍ គឺដូចនឹងការប្រើប្រាស់ថ្នាំដុសធ្មេញដែរ។ ប៉ុន្តែត្រូវប្រាកដថាជ្រើសរើសប្រើនូវផលិតផលដែលគ្មានផ្ទុកសារជាតិ acetone។

    ៤. សាប៊ូកូនក្មេង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចុចសាប៊ូចំនួនសមល្មមលើក្រណាត់ទន់រលោងមួយ រួចជូតវាលើស្នាមឆ្កូត។

    ៥. ប្រើប្រាស់ផលិតផលកម្ចាត់ស្នាមឆ្កូតប្រភេទណាមួយ។

    ៦. ក្រមួនសម្រាប់ខាត់រថយន្ត ៖ ដាក់ក្រមួនចំនួនសមល្មមលើក្រណាត់ទន់មួយ ហើយជូត ឬខាត់វាលើកញ្ចក់នៃវ៉ែនតារហូតដល់ស្អាតបាត់ស្នាមឆ្កូត សឹមលាងសម្អាតចេញ។

    ៧. ទឹកធម្មតា និងម្ស៉ៅ Baking Soda ៖ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែលាយទឹកធម្មតាចំនួន ១ ស្លាបព្រាកាហ្វេ និងម្ស៉ៅ Baking
    Soda ចំនួន ១ ស្លាបព្រាបាយ ចូលគ្នាដើម្បីបង្កើតជាល្បាយខាប់ៗ។ ប្រើប្រាស់ក្រណាត់រលោងទន់ស្អាតមួយជ្រលក់ចូល ហើយជូតពេញកញ្ចក់វ៉ែនតា រួចសឹមលាងសម្អាតចេញ។

    ៨. ទឹកធម្មតា និងសាប៊ូ ៖ គ្រាន់តែសាប៊ូធម្មតា និងទឹកក៏មានប្រសិទ្ធភាពកម្ចាត់ស្នាមឆ្កូតចេញពីកញ្ចក់វ៉ែនតារបស់អ្នកបានដែរ។ ប៉ុន្តែត្រូវប្រើប្រាស់ក្រណាត់ជូតកញ្ចក់វ៉ែនតា ឬក្រណាត់ microfiber ដើម្បីជូតសម្អាត។

    ៩. ប្រើប្រាស់អាល់កុល ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ក្រណាត់ទន់រលោងមួយជ្រលក់អាល់កុល ហើយជូតទៅលើកញ្ចក់វ៉ែនតា។

    ១០. ទឹកខ្មេះពណ៌ស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះ និងម្ស៉ៅ Baking soda ក្នុងចំនួនសមល្មម ហើយរងចាំរហូតដល់ល្បាយឈប់ពុះសិន សឹមប្រើប្រាស់ជូតសម្អាតទៅលើស្នាមឆ្កូត៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay