ព្យុះត្រូពិកដ៏ធំមួយទៀតកំពុងខិតទៅប្រទេសជប៉ុន ដែលនឹងនាំយកខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ជាច្រើន
ព្យុះត្រូពិកដ៏ធំមួយទៀតកំពុងខិតជិតប្រទេសជប៉ុន ដែលវាអាចប៉ះពាល់ដល់តំបន់ជាច្រើនទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃ នៅចុងសប្តាហ៍នេះ។ ទីភ្នាក់ងារឧតុនិយមនិយាយថា ព្យុះ Tapah កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិច លើដែនទឹកភាគខាងត្បូងនៃតំបន់កោះខាងត្បូងអូគីណាវ៉ា។ ព្យុះនេះកំពុងធ្វើចលនានៅចម្ងាយ ១០គីឡូម៉ែត្រ/ម៉ោង នៅព្រឹកថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅឆ្ពោះទៅភាគខាងជើងឆ្ពោះទៅអូគីណាវ៉ានៅថ្ងៃសៅរ៍ និងបន្តឆ្ពោះទៅកាន់ក្យូស៊ូនៅថ្ងៃអាទិត្យ ដែលនាំមកនូវខ្យល់បក់ខ្លាំង។

ទីភ្នាក់ងារនេះនិយាយថា ព្យុះ Tapah អាចនឹងធ្វើដំណើរទៅភាគខាងជើងប្រទេសជប៉ុននៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើមសប្ដាហ៍ក្រោយ។ នៅព្រឹកថ្ងៃសុក្រនេះ ព្យុះមានសម្ពាធបរិយាកាស ៩៩០ hectopascal ហើយកំពុងបង្កើតឱ្យមានល្បឿនខ្យល់ខ្លាំងរហូតដល់ ៧២គីឡូម៉ែត្រក្នុង/ម៉ោង ឬអាចមានរហូតដល់ ១០៨គីឡូម៉ែត្រ/ម៉ោង។ ល្បឿនព្យុះ Tapah ត្រូវបានគេព្យាករណ៍ថា មានពី ៩០ គីឡូម៉ែត្រ/ម៉ោង នឹងអាចកើនឡើងដល់ ១២៦គីឡូម៉ែត្រ/ម៉ោង រហូតដល់ថ្ងៃសៅរ៍។ ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានរំពឹងទុកនៅអូគីណាវ៉ា និងភាគខាងត្បូងក្យូស៊ូ រហូតដល់ថ្ងៃអាទិត្យ៕

អត្ថបទ៖ លីដា