អាល្លឺម៉ង់បញ្ចេញកញ្ចប់ថវិកាចំនួន ៦០ពាន់លានដុល្លារ ដើម្បីដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់
អធិការបតីអាល្លឺម៉ង់អ្នកស្រី អេនជេឡា មឺកែល បានប្រកាសផែនការចំណាយប្រហែល ៦០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេស។ អ្នកស្រី មឺកែល បាននិយាយកាលពីថ្ងៃសុក្រថា គណៈអភិបាលបានឯកភាពលើកញ្ចប់ទឹកប្រាក់មួយ ដែលនឹងត្រូវចំណាយថវិកាចំនួន ៥៤ពាន់លានអឺរ៉ូ (៦០ពាន់លានដុល្លារ) រហូតដល់ឆ្នាំ២០២៣។ វានឹងផ្តល់នូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកដែលប្តូរទៅប្រើយានយន្តអគ្គិសនី និងឧបករណ៍កម្ដៅទាប។ ពន្ធបន្ថែមលើសំបុត្ររថភ្លើងផ្លូវឆ្ងាយនឹងត្រូវកាត់បន្ថយ ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរតាមផ្លូវដែក។

អ្នកស្រី មឺកែល បានសម្តែងការគាំទ្រចំពោះការប្រមូលផ្តុំដ៏ធំនៅទូទាំងពិភពលោក ដែលជាផ្នែកមួយនៃ “ការធ្វើកូដកម្មអាកាសធាតុសកល” ដើម្បីទាមទារឱ្យមានសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ អ្នកស្រីបាននិយាយថា វិធានការតបតត្រូវតែធ្វើឡើងដើម្បីការពារមនុស្សជំនាន់ក្រោយ។ អ្នកស្រីមានប្រសាសន៍ថា គាត់សង្ឃឹមថាអាឡឺម៉ង់អាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នយ៉ាងហោចណាស់ ៥៥% ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០៣០៕


អត្ថបទ៖ លីដា