នរណាមិនភ័យ! បុរសម្នាក់បើកឡានបុករះចូលទៅផ្សារទំនើប បង្កភាពចលាចល ធ្វើឲ្យអ្នកនៅក្នុងផ្សាររត់ចែកជើងស្មានតែការបាញ់ប្រហារ
អាមេរិក ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទបើកបរយ៉ាងលឿន និងបុករះចូលទៅខាងក្នុងផ្សារទំនើបមួយកន្លែងនៅឈីកាហ្គោ ជាមួយនឹងរថយន្តប្រភេទ SUV របស់គាត់ ដែលធ្វើឱ្យអ្នកនៅក្នុងផ្សារច្រឡំស្មានថា មានខ្មាន់កាំភ្លើងកំពុងបាញ់បោះ។ ហេតុការណ៍បានកើតឡើងនៅផ្សារ Woodfield នៅឯតំបន់ Schaumburg កាលពីល្ងាចថ្ងៃសុក្រ ដែលបង្កឱ្យមានការជ្រួលច្របល់ពេញក្នុងផ្សារ ខណៈអ្នកទិញឥវ៉ាន់ ក៏ដូចជាអ្នកផ្សេងៗនាំគ្នារត់ចូលក្នុងហាងទាំងភ័យស្លន់ស្លោ ព្រោះពួកគេខ្លាចថាមានការបាញ់ប្រហារសារជាថ្មីមួយទៀត។ យ៉ាងណាក៏ដោយជនល្មើសត្រូវបានចាប់ខ្លួន ខណៈមិនទាន់កំណត់អត្តសញ្ញាណអ្វីនៅឡើយទេ។

សាក្សីដំបូងឡើយបានរាយការណ៍ចឡំថា មានការបាញ់បោះដោយខ្មាន់កាំភ្លើង ប៉ុន្តែក្រោយមកក៏បញ្ជាក់ថាមិនមែននោះទេ។ នៅក្នុងវីដេអូក៏បានបង្ហាញដែរថា ជនល្មើសដែលបើករថយន្ត SUV នោះ បានបើកបុករះចូលទៅក្នុងផ្សារ និងបានបំផ្លាញហាងមួយចំនួនរួមមាន៖ Forever 21 និង Hollister ។ នៅមិនទាន់ដឹងមូលហេតុដែលនាំឱ្យបុរសជាជនល្មើសបុករះចូលទៅក្នុងផ្សារនោះទេ ប៉ុន្តែប្រភពខ្លះនិយាយថា គាត់អាចនឹងប្រើប្រាស់គ្រឿងញៀនជ្រុល ឬមានជាតិស្រវឹង ដែលធ្វើឱ្យគាត់មិនអាចគ្រប់គ្រងខ្លួនបាន។ ជនល្មើសពេលនេះត្រូវបានគេវាយខ្នោះបញ្ជូនទៅសួរចម្លើយរួចហើយដែរ ខណៈមានការប៉ះពាល់ និងមានធ្វើឱ្យមនុស្សរបួសប៉ុន្មាននាក់ មិនទាន់មានការសន្និដ្ឋាននៅឡើយ៕




អត្ថបទ៖ លីដា