ខែនេះកាលពី ៣៣ ឆ្នាំមុន មានវីរនារីម្នាក់សុខចិត្តលះបង់ជីវិតខ្លួនឯង ដើម្បីសង្គ្រោះអ្នកដំណើរលើយន្តហោះជាង ៣០០ នាក់ពីក្រុមភេរវករ
នៅក្នុងខែនេះកាលពី ៣៣ ឆ្នាំមុនពោលគឺកាលពីឆ្នាំ ១៩៨៦ មានវីរនារីក្លាហានម្នាក់សុខចិត្តលះបង់ជីវិតខ្លួនឯង ដើម្បីជួយសង្គ្រោះជីវិតអ្នកដំណើរលើយន្តហោះចំនួន ៣៦០ នាក់ ពីក្រុមភេរវករ ហើយវីរភាពរបស់គាត់ត្រូវបានគេចងចាំ និងរម្លឹកឡើងវិញជារឿយៗនៅតាមអត្ថបទសារព័ត៌មាន ឬនៅតាមកម្មវិធីទូរទស្សន៍ល្បីៗ។ ថ្ងៃនេះអង្គភាពខ្មែណូតសូមលើកយកសាច់រឿង និងប្រវត្តិរបស់វីរនារីក្លាហានរូបនេះមកបង្ហាញជូនប្រិយមិត្ត ដែលមានខ្លឹមសារដូចខាងក្រោម៖
ស្រ្តីក្លាហានរូបនេះមានឈ្មោះថា Neerja Bhano ហើយគាត់បានស្លាប់នៅពេលមានអាយុ ២២ ឆ្នាំ និង ១០ ខែ។ នៅក្នុងឆ្នាំ ១៩៦៣ លោកស្រី Neerja Bhano ចាប់កំណើតឡើងនៅក្នុងគ្រួសារមានកម្រិតជីវភាពមធ្យមមួយនៅក្នុងរដ្ឋ Punjabi ប្រទេសឥណ្ឌា ក្រោយមកគាត់បានប្តូរទៅរស់នៅក្នុងក្រុង Mumbai វិញ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ ពេលនោះលោកស្រីក៏ទទួលការងារមួយជាតារាម៉ូដែល ព្រោះតែគាត់មានរូបសម្បតិ្តស្រស់ស្អាតជាខ្លាំង។
នៅពេលដែលលោកស្រីមានអាយុ ២១ ឆ្នាំ ស្រាប់តែខាងគ្រួសាររបស់គាត់បង្ខំឲ្យគាត់រៀបការជាមួយនឹងអ្នកជំនួញម្នាក់ ហើយក្រោយរៀបការរួច លោកស្រីបានផ្លាស់ទៅរស់នៅជាមួយប្តីនៅក្រុងមួយផ្សេងទៀត ហើយដោយជំនួញរបស់សា្វមីលោកស្រីត្រូវបរាជ័យ គាត់ក៏បានធ្លាក់ខ្លួនក្រ និងបានត្រលប់មកកាន់ក្រុង Mumbai ដើម្បីបម្រើការងារជាអ្នកបម្រើតាមយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ Pan American Airways ។
ក្នុងថ្ងៃកើតហេតុជើងហោះហើររបស់លោកស្រីត្រូវបានវាយប្រហារដោយភេរវករឥស្លាមជ្រុលនិយមមួយក្រុម ដោយពេលដែលយន្តហោះបានចុះចតនៅក្នុងព្រលានយន្តហោះក្នុងប្រទេសឥណ្ឌារួចហើយនោះ ស្រាប់តែភេរវករបានបន្លំខ្លួនជាសន្តិសុខ និងបានឡើងទៅលើយន្តហោះ។ ក្រុមភេរវករមានទាំងកាំភ្លើង និងគ្រាប់បែកពេញដៃ ហើយពួកគេបានបញ្ជាឲ្យអ្នកបើកយន្តហោះ បើកយន្តហោះចេញពីទៅកាន់ប្រទេសអាហ្គានីស្ថាន។ ពួកគេបានប្រមូលទាំងទ្រព្យសម្បត្តិ និងលិខិតឆ្លងដែនរបស់អ្នកដំណើរទាំងអស់ហើយគេជឿថា ក្រោយយន្តហោះបើកទៅដល់កន្លែងដែលពួកគេបញ្ជានោះ ពួកគេនឹងយកទ្រព្យសម្បត្តិរបស់អ្នកដំណើរទាំងអស់ ដោយទុកឲ្យអ្នកដំណើរត្រូវផ្ទុះស្លាប់លើយន្តហោះ។
ស្ថិតក្នុងហេតុការណ៍នេះក្រុមអ្នកបើកយន្តហោះបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកលោកស្រី Neerja Bhano នៅលើយន្តហោះជាអ្នកចរចារជាមួយក្រុមភេរវករ។ ការចរចារបានអូសបន្លាយអស់រយៈពេល ៤០ នាទី ដោយក្រុមភេរវករត្រូវការអ្នកបើកយន្តហោះមកវិញ តែគ្មានអ្នកណាម្នាក់ហ៊ានចូលទៅបើកយន្តហោះនោះទេ។ ពេលនោះ Neerja Bhano បានប្រាប់ឲ្យជំនួយការបញ្ជាការហោះហើរជាន់ខ្ពស់ម្នាក់ចូលទៅកាន់កន្លែងបើកយន្តហោះសិន ដើម្បីឲ្យក្រុមភេរវករស្ងប់ចិត្ត ខណៈដែលគាត់បានព្យាយាមយកកូនសំបុត្រតូចមួយភ្ជាប់នៅក្នុងទស្សនាវត្តីហុចទៅឲ្យក្រុមអ្នកដំណើរដើម្បីប្រាប់ពួកគេឲ្យត្រៀមខ្លួនចេញតាមទ្វារចេញពេលមានអាសន្នរបស់យន្តហោះ។

បន្ទាប់មកលោកស្រីបានលួចទៅបើកទ្វារចេញពេលមានអាសន្ននោះ ហើយលោកស្រីដែលជាអ្នកបើកទ្វារ និងអាចចេញពីយន្តហោះមុនគេនោះ បែរជាមិនចេញមុនគេឡើយ ដោយគាត់បានព្យាយាមឲ្យអ្នកដំណើរចេញម្នាក់ម្តងៗ ខណៈគាត់នៅបន្តដើរទៅដើរមកចរចារជាមួយក្រុមភេរវករ។ បន្តិចក្រោយមកភាពចលាចលក៏បានកើតឡើងពេញយន្តហោះ ហើយលោកស្ត្រីនៅតែមិនចុះចេញពីយន្តហោះទៀត ដោយគាត់នៅជួយនាំផ្លូវក្មេងប្រុស ៣ ផ្សេងទៀតទៅកាន់មាត់ទ្វារនោះ ហើយពេលនោះហើយដែលក្រុមភេរវករបានបាញ់សម្លាប់គាត់តែម្តង។
ក្រោយមកដោយយន្តហោះមិនអាចហោះហើរបាន ហើយអ្នកដំណើរក៏បានចេញពីយន្តហោះអស់ទៀត ក្រុមភេរវករក៏បានសម្រេចចិត្តប្រគល់ខ្លួនឲ្យប៉ូលិស ហើយពួកគេត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ ក្រោយកើតមានហេតុការណ៍នេះ សាក្សីនៅកន្លែងកើតហេតុជាច្រើនបានប្រាប់អំពីវីរភាពលោកស្រី Neerja Bhano ហើយគេក៏បានចងក្រងសាច់រឿងរបស់គាត់ជាឯកសារប្រវត្តិសាស្ត្រ សៀវភៅ និងត្រូវបានសារព័ត៌មានល្បីៗជាច្រើនយកចុះផ្សាយផងដែរ៕
រូបក្រុមភេរវករដែលត្រូវបានគេចាប់ខ្លួនកាលពីមុន និងមុនមាត់ពេលបច្ចុប្បន្ន៖
អត្ថបទ៖ ភក្តី






