ការរចនា និងភាពចន្លោះប្រហោង ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យយន្តហោះ Boeing 737 MAX ធ្លាក់
អ្នកស៊ើបអង្កេតឥណ្ឌូនេស៊ីបានរកឃើញថា ការរចនា និងភាពចន្លោះប្រហោងមួយគ្រា ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យយន្ដហោះម៉ូដែល 737 MAX របស់ក្រុមហ៊ុនប៊ូអ៊ីង (Boeing Co.) បានធ្លាក់កាលពីខែតុលាឆ្នាំមុន។ សេចក្តីសន្និដ្ឋានបាននិយាយថា ការរចនា និងការអនុម័តបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកឱ្យប្រើប្រាស់ម៉ូដែលនេះគឺជាបញ្ហា ក៏ដូចជាកំហុសបន្ទាប់បន្សំរបស់អ្នកបើក និងកំហុសនៃការថែទាំផ្នែកបច្ចេកទេសផងដែរ ដែលទាំងនេះជាកត្តាបង្កឱ្យធ្លាក់យន្តហោះក្រុមហ៊ុន Lion Air ដោយសម្លាប់មនុស្សទាំងអស់ចំនួន ១៨៩នាក់ នៅលើយន្តហោះ។

តាំងពីមានការធ្លាក់ ២លើក ជាប់គ្នាត្រឹមរយៈពេល ៥ខែ ម៉ូដែលនេះត្រូវបានគេដាក់ឱ្យចុះចតតាំងពី ខែមីនា ដើមឆ្នាំនេះនៅទូទាំងពិភពលោក។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនប៊ូអ៊ីងមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុននៅតែបន្តផ្តល់ការគាំទ្រដល់អាជ្ញាធរដើម្បីស៊ើបអង្កេត។ ក្រុមអ្នកស៊ើបអង្កេតការធ្លាក់យន្តហោះនៅសហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចដើម្បីប្រកាសពីអនុសាសន៍សុវត្ថិភាពដាច់ដោយឡែកមួយពីជំនាញ ដើម្បីជំរុញការហោះហើរដោយដៃ (manual) របស់អាកាសយានិកទៅនឹងការជំរុញរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ក្នុងការត្រួតពិនិត្យការរចនាយន្តហោះថ្មី។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលផ្នែកអាកាសយានិក និងការសម្រេចចិត្តរបស់យានិក និងផ្តោតលើការផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។ NTSB បាននិយាយថា ខ្លួនគ្រោងនឹងចេញផ្សាយអនុសាសន៍ស្តីពីកម្មវិធីវិញ្ញាបនប័ត្ររបស់ FAA នៅពេលណាមួយក្នុងខែកញ្ញានេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា FAA បានស្វាគមន៍ការត្រួតពិនិត្យពីអ្នកជំនាញសុវត្ថិភាព ហើយទន្ទឹងរងចាំការរកឃើញរបស់ពួកគេទាំងអស់គ្នា៕


អត្ថបទ៖ លីដា