រដ្ឋាភិបាលក្រុងហុងកុង កំពុងពិចារណាលើច្បាប់ប្រឆាំងនឹងការពាក់ម៉ាស់
មន្ត្រីជាន់ខ្ពស់ហុងកុងនិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើច្បាប់ដើម្បីប្រឆាំងការពាក់ម៉ាស់ ពីព្រោះក្រុមអ្នកតវ៉ាជាច្រើននៅក្នុងទឹកដីបានប្រើប្រាស់ម៉ាស់ដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អ្នកស្រី Teresa Cheng បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធ។ សមាជិកសភាដែលគាំទ្រក្រុងប៉េកាំងបានអំពាវនាវឱ្យមានច្បាប់បែបនេះ ដោយនិយាយថាការលាក់បាំងមុខរបស់ពួកបាតុករដោយរបាំងមុខបានលើកទឹកចិត្តឱ្យក្លាយជាអំពើហឹង្សា។

ចំណែកទីក្រុងប៉េកាំងក៏ត្រូវបានគេជឿជាក់ថា គាំទ្រច្បាប់នេះ ប៉ុន្តែសម្រាប់សមាជិកសភា និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយថា គោលបំណងនៃច្បាប់បែបនេះគឺចង់បង្ក្រាបបាតុករ។ អ្នកតវ៉ាម្នាក់បាននិយាយថា ច្បាប់បែបនេះមិនអាចទទួលយកបានទេ ហើយប្រសិនបើពលរដ្ឋមិនអាចលាក់បាំងអត្តសញ្ញាណរបស់ពួកគេទេនោះ ពួកគេអាចទទួលរងការធ្វើអយុត្តិធម៌ដូចជាការឃុំខ្លួនរបស់ប៉ូលីស៕


អត្ថបទ៖ លីដា