ខ្មែរណូត

ស្វែងរក

  • PR

    ខ្សែភាពយន្តខ្មែរដ៏កម្រចំនួន៣ ដែលផលិតនៅសម័យសង្គមរាស្រ្តនិយម កប់ទុកអស់រយៈពេលជាង៤០ឆ្នាំ នឹងបញ្ជាំងជូនឲ្យទស្សនាជាថ្មីដោយឥតគិតថ្លៃ

    BY Khmernote Media October 7, 2019
    ខ្សែភាពយន្តខ្មែរដ៏កម្រចំនួន៣ ដែលផលិតនៅសម័យសង្គមរាស្រ្តនិយម កប់ទុកអស់រយៈពេលជាង៤០ឆ្នាំ នឹងបញ្ជាំងជូនឲ្យទស្សនាជាថ្មីដោយឥតគិតថ្លៃ

    ខ្សែភាពយន្តខ្មែរដ៏កម្រចំនួនបីរឿងដែលផលិតនៅសម័យសង្គមរាស្រ្តនិយម នឹងបង្ហាញវត្តមានជាថ្មីម្តងទៀតនៅក្នុងកម្មវិធី “មួយម៉ឺនអាល័យលើកទី៥” ជាកាដូដ៏ពិសេសបំផុតដែលមហាជនជននិងអន្តរជាតិអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពីកិច្ចដំណើរការរៀបចំកម្មវិធី មួយម៉ឺនអាល័យលើកទី៥ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នារោងភាពយន្តមេជើ ស៊ីណេផ្លិច លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា និងអ្នកដឹកនាំរៀបចំកម្មវិធីបានលើកឡើងថា៖ នៅក្នុងឆ្នាំនេះកម្មវិធីមួយម៉ឺនអាល័យលើកទី៥និងនាំនូវអ្វីដែលថ្មីនឹងពិសេសសម្រាប់ទស្សនិកជនអ្នកចូលរួម ដោយមានការដាក់បញ្ចាំងខ្សែភាពយន្តខ្មែរចំនួនបីរឿង ដែលខ្សែភាពយន្តខ្មែរទាំងបីនេះបានកប់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយនៅក្នុងទឹកដីនៃប្រទេសថៃឡង់។ ខ្សែភាពយន្តទាំងបីនោះរួមមាន រឿង កាកី, រឿង ពិជ័យវង្សា និងរឿងខ្យងស័ង្ខ។ លោក យាង វណ្ឌី បានបន្ថែមទៀតថា កាលពីឆ្នាំ២០១៨និងនៅខែមិថុនាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រុមព្រះសុរិយាបានទិញខ្សែភាពយន្តទាំងនោះត្រឡប់មករក្សាជាមរតកដ៏មានតម្លៃ ហើយចែករំលែកខ្សែភាពយន្តទាំងនោះដោយដាក់បញ្ចាំងជូនសាធារណជនបានចូលរួមទស្សនាដោយឥតគិតថ្លៃ នៅក្នុងកម្មវិធីមួយម៉ឺនអាល័យប្រចាំឆ្នាំ២០១៩នេះតែម្តង។

    លោកស្រី ឌី សាវ៉េត តារាភាពយន្តខ្មែរទសវត្សឆ្នាំ៦០និងជាតួឯកស្រី ក្នុងខ្សែភាពយន្តរឿង ខ្យងស័ង្ខ បានសម្តែងក្តីរំភើបឥតឧបមាដោយលោកស្រីមិននឹកស្មានថាលោកស្រីមានភ័ព្វវាសនាជាថ្មីម្តងទៀតដោយបានទស្សនាខ្សែភាពយន្តរឿងខ្យងស័ង្ខនិងរឿងដទៃទៀតនៅក្នុងកម្មវិធីមួយម៉ឺនអាល័យលើកទី៥នេះឡើយ នៅក្រោយពេលដែលលោកស្រីពុំដែលបានឃើញខ្សែភាពយន្តទាំងនោះអស់រយៈពេលជាង៤០ឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមនោះមក។ លោកស្រីបានថ្លែងសរសើរដោយស្មោះពីទឹកចិត្តរបស់ក្រុមព្រះសុរិយាដែលព្យាយាមកកូរកាយស្រាវជ្រាវរកឯកសារភាពយន្តទាំងនោះមកគ្រប់ទីកន្លែង។

    ជាមួយគ្នានេះ លោកជំទាវ សុខ ស៊ីថន ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអនុប្រធានកិត្តិយសនៃក្រុមព្រះសុរិយា ដែលបានចូលរួមជួយស្វែងរកអ្នកឧបត្ថម្ភដល់កម្មវិធីនាឆ្នាំនេះ បានថ្លែងអំពាវនាវដល់មហាជនទាំងអស់ចូលរួមក្នុងកម្មវិធីមួយម៉ឺនអាល័យលើកទី៥ នេះដើម្បីដកបទពិសោធន៍ និងផ្សាយពីគុណសម្បត្តិរបស់ភាពយន្តខ្មែរនាទសវត្សឆ្នាំ៦០និង៧០ដែលជាមេរៀនដ៏ល្អសម្រាប់អភិវឌ្ឈន៍ វិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយនូវវប្បធម៌ល្អៗដែលខ្មែរធ្លាប់មានពីអតីតកាល។ សូមបញ្ជាក់ថា កម្មវិធីមួយម៉ឺនអាល័យ ជាព្រឹត្តិការណ៍រំលឹកមរតកស្នាដៃភាពយន្តខ្មែរដ៏ធំប្រចាំប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយ ក្រុមព្រះសុរិយា តាំងពីឆ្នាំ២០១៦ ដែលកម្មវិធីនេះបានប្រព្រឹត្តឡើងបួនដងរួចមកហើយ ដោយទទួលបានជោគជ័យគួរអោយកត់សម្គាល់។ សម្រាប់ឆ្នាំ២០១៩នេះ កម្មវិធីមួយម៉ឺនអាល័យលើកទី៥ និងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមហាជនអ្នកចូលរួមទស្សនាដោយឥតគិតថ្លៃ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay