ជឿអត់? គ្រាន់តែផ្អាកផឹកតែគុជ ៤ ខែ អ្នកអាចសន្សំលុយទិញសំបុត្រយន្តហោះដើរលេងក្រៅប្រទេសបានយ៉ាងស្រួល
តែគុជបានក្លាយជាភេសជ្ជៈដ៏មានប្រជាប្រិយភាពមួយនៅក្នុងចំណោមយុវវ័យ ហើយមានមនុស្សមួយចំនួនបានញៀនជាមួយនឹងភេសជ្ជៈប្រភេទនេះទៀតផង។ ជាមធ្យមតែគុជមួយកែវមានតម្លៃចន្លោះពី ២.៨ដុល្លារ-៣.៦ដុល្លារ (តម្លៃនៅក្នុងប្រទេសម៉ាឡេស៊ី) ហើយសម្រាប់អ្នកដែលមានទម្លាប់ញ៉ាំតែគុជជាប្រចាំនោះអាចសាកល្បងគិតមើលថា បើអ្នកផ្អាកផឹកតែគុជត្រឹមតែ ៤ ខែ តើអ្នកអាចសន្សំលុយបានប៉ុន្មាន? ហើយអាចយកលុយទាំងនោះទៅទិញអ្វីបានខ្លះ?
បើយោងតាមអ្នកស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានអះអាងតាមរយៈបណ្តាញសង្គមរបស់នាងថា បន្ទាប់ពីនាងឈប់ញ៉ាំតែគុជរយៈពេល ៤ ខែ នាងអាចសន្សំលុយទិញសំបុត្រយន្តហោះ (ទៅ-មក) ទៅកាន់ប្រទេសថៃបានយ៉ាងងាយស្រួល។ ស្ត្រីរូបនេះបានគណនាការចំណាយរបស់នាងដូចខាងក្រោម៖
-មួយសប្តាហ៍ញ៉ាំតែគុជ ២ កែវ = មួយខែស្មើនឹង ៨ កែវ
-រយៈពេល ៤ ខែ = ៣២ កែវ
-៣២ កែវ x តម្លៃជាមធ្យម RM១២-RM១៥ (២.៨-៣.៦ដុល្លារ) = RM៣៨៤-RM៤៨០ (៩២-១១៥ ដុល្លារ)
ស្ត្រីម៉ាឡេស៊ីរូបនេះបានបន្តថា ក្រោយនាងសន្សំលុយពីការឈប់ញ៉ាំតែគុជរយៈពេល ៤ ខែ នាងបានទិញសំបុត្រយន្តហោះទៅដើរកំសាន្តនៅក្នុងប្រទេសថៃយ៉ាងសប្បាយជាមួយនឹងមិត្តភក្តិនាង ហើយនាងលើកទឹកចិត្តឲ្យយុវជនផ្សេងទៀតសាកល្បងសន្សំលុយដូចនាងដែរ៕

អត្ថបទ៖ ភក្តី
