ស្នងការខេត្តបាត់ដំបង បង្ហាញមុខសញ្ញាជាជនសង័្សយដែលធ្លាប់បានធ្វើសកម្មភាពលួច-ឆក់ទ្រព្យសម្បត្តិ ស្របពេលពិធីអំុទូកនៅខេត្តបាត់ដំបងបានចាប់ផ្តើម
បាត់ដំបង៖ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងពិធីអំុទូក នៅខេត្តបាត់ដំបង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃសៅរ៍ ១៤ កើត ខែ អស្សុជ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ទី ១២ និងទី ១៣ ខែ តុលា ឆ្នាំ២០១៩ នេះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំង បានបង្ហាញរូបភាពមុខសញ្ញាជាជនសង័្សយដែលធ្លាប់បានធ្វើសកម្មភាពល្មើសច្បាប់ដូចជាករណី (លួច-ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឬពិធីកម្សាន្ត សប្បាយផ្សេងៗនាពេលកន្លងទៅ ។

ការផ្សព្វផ្សាយនូវរូបភាពនាពេលនេះគឺជាការរួមចំណែកក្នុងភារកិច្ចបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលករណីនេះអាចកើតឡើងដោយក្រុមជនសង័្សយមួយចំនួនដែលតែងតែឆ្លៀតឳកាសធ្វើសកម្មភាពល្មើសច្បាប់ក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយឬទីប្រជុំជនហើយមិនបានប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ក្នុងករណីដែលប្រជាពលរដ្ឋ ឬមហាជនបានឃើញមនុស្សដូចមានក្នុងរូបភាពខាងលើ និងមានហេតុផលគួរសង័្សយដោយកិរិយាណាមួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិឬអាចរាយការណ៍មកសមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬនគរបាលដែលប្រចាំការនៅទីបញ្ជាការស្រាលក្នុងពិធីអំទូកស្ថិតនៅខាងមុខសណ្ឋាគារក្លាស៊ី ឬតាមរយៈលេខទូរស័ព្ទ៖
-092 232 337
-012 654 449
-012 384 954
-095 868 886
-092 935 544
-092 229 667
បញ្ជាក់ថាករណីម្ចាស់រូបភាពខាងលើបានឃើញ ហើយច្បាស់លាស់ថា រហូតដល់ពេលបច្ចុប្បន្ន ខ្លួនពិតជាបាន កែប្រែរួចហើយនូវសកម្មភាពដែលពាក់ព័ន្ធផ្ទាល់ខ្លួននាពេលកន្លងទៅ សាមីខ្លួនអាចផ្តល់ព័ត៌មានមកអង្គភាពស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង តាមរយៈលេខទូរស័ព្ទខាងលើ ស្នងការដ្ឋាននឹងពិនិត្យពិចារណាចំពោះរូបភាពរបស់សាមីខ្លួននោះ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានក្តីសង្ឈឹមយ៉ាងមុតមាំចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើឲ្យពិធីអំទូកនៅក្នុងខេត្តបាត់ដំបងរបស់យើងបានប្រព្រឹត្តិទៅដោយបរិយាកាសសប្បាយរីករាយនិងប្រកបដោយសន្តិសុខល្អប្រើសើរបំផុត សូមអរគុណ៕











ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង