បែកធ្លាយវីដេអូសម្ងាត់មួយបង្ហាញអំពីភាពព្រៃផ្សៃ ដែលសត្វជាច្រើនត្រូវបានគេយកមកពិសោធន៍
ថ្មីៗនេះមានការបែកធ្លាយចេញនូវខ្សែវីដេអូសម្ងាត់ ថតដោយសកម្មជនការពារសិទ្ធិសត្វ ដែលបង្ហាញពីសត្វស្វា និងឆ្កែ ត្រូវរងគ្រោះដោយការរំលោភបំពាននៅមន្ទីរពិសោធន៍អាល្លឺម៉ង់។ វីដេអូឃ្លីបនេះត្រូវបានចេញផ្សាយដោយអង្គការសិទ្ធិសត្វអាឡឺម៉ង់ Soko Tierschutz និង Cruelty Free International ដែលបានអះអាងថា ពួកគេឃើញសត្វស្វាជាច្រើនជាប់ក្នុងទ្រុងដែកនៅឯមន្ទីរពិសោធន៍នៅ Mienenbüttel ក្នុងទីប្រជុំជន Neu Wulmstorf រដ្ឋ Lower Saxony។ សត្វឆ្មា និងឆ្កែក៏ត្រូវបានគេឃើញថា មានបែកឈាម និងស្លាប់ បន្ទាប់ពីការធ្វើតេស្តជាតិពុលផងដែរ។
ខ្សែវីដេអូនេះត្រូវបានគេឱ្យដឹងថា ជាផ្នែកមួយនៃប្រតិបត្តិការរួមគ្នារបស់ក្រុមអង្គការសិទ្ធិសត្វទាំងពីរ ដោយពួកគេបានដាក់អ្នកយកការសម្ងាត់ម្នាក់ឱ្យបន្លំខ្លួនចូលធ្វើការ និងស៊ើបការណ៍ពីមន្ទីរពិសោធន៍ បន្ទាប់ពីមន្ទីរពិសោធន៍ LPT នៃឱសថសាស្ត្រ និងគីមីវិទ្យា បានផ្សព្វផ្សាយពាណិជ្ជកម្មដល់និយោជិកថ្មីនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៨ ។ មួយក្នុងចំណោមក្រុមទាំងពីរក៏ធ្លាប់ព្យាយាមបន្លំចូលទៅទីនោះម្ដងដែរ កាលពីឆ្នាំ២០១៣ ប៉ុន្តែមិនជោគជ័យទេ។ លុះខែធ្នូ ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩ ទើបអ្នកស៊ើបការណ៍អាចបន្លំខ្លួនចូលទៅធ្វើការនៅទីនោះបាន។

អ្នកស៊ើបការណ៍និយាយថា សត្វឆ្មា, សត្វស្វា, ឆ្កែពូជ beagle និងទន្សាយ ដែលសត្វទាំងនេះគឺមានភាពស្រដៀងគ្នាជាមួយមនុស្ស សុទ្ធតែត្រូវបានគេយកទៅពិសោធន៍ជាតិពុលផ្សេងៗ។ ជាលទ្ធផលពួកវាត្រូវស្លាប់ ដោយការពុល និងបែកឈាមជាដើម ខណៈដែលសត្វឆ្មាត្រូវបានមនុស្សគ្មានជំនាញ បានចាក់ថ្នាំសាកល្បងលើពួកវាយ៉ាងហោចណាស់មួយថ្ងៃ ១៣ម្ជុល យ៉ាងគួរឱ្យអាសូរ។ សត្វឆ្កែបានបក់កន្ទុយពេលដែលឃើញមនុស្សទៅជិតខ្លួន ទាំងមិនដឹងថា ការពិតពួកវាប្រឈមនឹងការស្លាប់ក្រោមស្នាដៃមនុស្ស។
យោងតាមគេហទំព័រ Cruelty Free International បានឱ្យដឹងថា LPT គឺជាមន្ទីរពិសោធន៍កិច្ចសន្យាដែលគ្រប់គ្រងដោយគ្រួសារមួយ ដែលអនុវត្តការធ្វើតេស្តជាតិពុលសម្រាប់ក្រុមហ៊ុនឱសថ ឧស្សាហកម្ម និងកសិ-គីមី មកពីទូទាំងពិភពលោក ដើម្បីបំពេញតាមតម្រូវការរបស់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ អង្គការ Cruelty Free International បាននិយាយថា ការធ្វើតេស្តជាតិពុលពាក់ព័ន្ធនឹងការបំពុលសត្វ គឺដើម្បីដឹងថា តើសារធាតុគីមី ឬថ្នាំញៀនប៉ុណ្ណា អាចមាន/គ្មាន សុវត្ថិភាពសម្រាប់មនុស្ស ប៉ុន្តែវាគឺជាការរំលោភលើសិទ្ធិរបស់សត្វ៕










https://www.youtube.com/watch?v=tmhhv2LRw64
អត្ថបទ៖ លីដា