សឹងមិនគួរឲ្យជឿ! ត្រឹមតែមូសធម្មតាខាំសោះ ធ្វើឲ្យលោកតាម្នាក់បែរជាមានបញ្ហាធ្ងន់ធ្ងរស្ទើរតែរលួយមុខអស់
ចិន៖ មូសខាំអាចជាបញ្ហាធម្មតាមួយសម្រាប់មនុស្សទៅ តែសម្រាប់លោកតាម្នាក់នេះវិញបន្ទាប់ពីមានមូសខាំរួចហើយបែរជាមានបញ្ហាសុខភាពធ្ងន់ធ្ងរស្ទើរតែស្លាប់។ លោកតាជនរងគ្រោះមានអាយុ ៦៧ ឆ្នាំ រស់នៅក្នុងក្រុង Shenyang ប្រទេសចិន។ នៅក្នុងថ្ងៃកើតហេតុគាត់បានទៅកំសាន្តនៅក្នុងខេត្ត Hainan ជាមួយនឹងគ្រួសារ ហើយពេលយប់ខណៈដែលគាត់កំពុងតែគេងលក់នោះមានសត្វមូលបានទៅខាំចំថ្ពាល់របស់គាត់។ បន្ទាប់ពីមានមូសខាំលោកបានយកដៃទៅអេះលើថ្ពាល់របស់គាត់ខ្លាំងៗជាច្រើនដង លុះព្រឹកឡើងស្រាប់ថ្ពាល់ និងភ្នែកម្ខាងរបស់គាត់ឡើងហើមតែម្តង។ ពេលនោះគាត់បានទៅកាន់មន្ទីរពេទ្យនៅខេត្ត Hainan ដើម្បីពិនិត្យមើលដែរ តែវេជ្ជបណ្ឌិតបានប្រាប់ថា គ្មានបញ្ហាអ្វីធំដុំឡើយគ្រាប់តែមូសខាំធម្មតាប៉ុណ្ណោះ។
យ៉ាងណាក្តី មួយថ្ងៃមកទៀតស្រាប់តែថ្ពាល់របស់គាត់កាន់តែហើមខ្លាំងឡើងៗ ហើយថែមទាំងមានខ្ទុះហូរចេញមកពីកន្លែងមានមូសខាំនោះទៀផង។ ក្រោយមើលឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរ លោកតាបានប្រញាប់មកកាន់ក្រុង Shenyang វិញ ដើម្បីជួបវេជ្ជបណ្ឌិតជំនាញ ទើបគេអាចជួយសង្គ្រោះបានទាន់ពេលវេលា។ តាមការពន្យល់របស់វេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា សាច់លោកតារងគ្រោះជាប្រភេទសាច់ក្លាយ ហើយពេលដែលគាត់ព្យាយាមអេះថ្ពាល់នោះ មានមេរោគ និងបាក់តេរីជាច្រើនជ្រាបចូលទៅក្នុងសាច់របស់គាត់ ទើបធ្វើឲ្យថ្ពាល់របស់គាត់ហើម និងមានខ្ទុះជាច្រើន ហើយក្នុងករណីនេះប្រសិនបើគាត់មកមន្ទីរពេទ្យមិនទាន់ពេលទេ វាអាចវិវឌ្ឍន៍ទៅជាដំបៅរលួយពេញមុខទៀតផង៕

អត្ថបទ៖ ភក្តី
