ម្ចាស់តូបសៀវភៅ៖ «មួយថ្ងៃអ៊ុំលក់មិនបានច្រើនក្បាលទេ តែអ៊ុំចេះតែលក់ទៅដើម្បីរក្សាវាទុក ព្រោះថ្ងៃណាមួយមនុស្សអាចនឹងបំភ្លេចវាចោល»
កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយពីស្ត្រីម្នាក់បានបង្ហោះនៅក្នុងបណ្តាញសង្គមពីតូបសៀវភៅដែលនៅក្បែរច្រកចូល Ekamai នៅឯស្ថានីយរថភ្លើង BTS ប្រទេសថៃ។
តាមរយៈម្ចាស់គណនីឈ្មោះថា Deardear Runchida បានរៀបរាប់ថា៖ «ថ្ងៃមុនខ្ញុំធ្លាប់ឃើញគេបង្ហោះថាមានតូបលក់សៀវភៅមួយដែលនៅឯច្រកចូល Ekamai ហើយថ្ងៃនេះខ្ញុំបានជួបលោកអ៊ុំម្ចាស់លក់សៀវភៅនេះហើយ។ គាត់រួសរាយណាស់! គាត់សប្បាយចិត្តជាខ្លាំងពេលដែលខ្ញុំសួររកទិញសៀវភៅពីគាត់។
គាត់បាននិយាយថាសម័យនេះអ៊ុំឃើញតែគេនិយមចុចទូរស័ព្ទលេងបណ្តាញសង្គមផ្សេងៗ ចំណែកឯការអានសៀវភៅគឺមានការធ្លាក់ចុះ មួយថ្ងៃអ៊ុំលក់សៀវភៅមិនបានច្រើនក្បាលនោះឡើយ តែអ៊ុំចេះតែលក់ទៅដើម្បីរក្សាវាទុក ព្រោះថ្ងៃមួយមនុស្សអាចនឹងបំភ្លេចវា ហើយនឹងមិនចងចាំទេថាសៀវភៅ និងការអានមានរូបរាង និងតម្លៃបែបណានោះ។ សម្តីរបស់គាត់ធ្វើឲ្យខ្ញុំភ្ញាក់ និងចាប់អារម្មណ៍ជាខ្លាំង ព្រោះសូម្បីតែខ្ញុំផ្ទាល់ក៏សឹងតែពុំសូវបាននឹកនាអានសៀវភៅដែរ តូបសៀវភៅរបស់គាត់គឺមិនមានតម្លៃថ្លៃនោះឡើយ ហើយក៏មានសៀវភៅបរទេសជាច្រើនផងដែរ។ ក្រៅពីលក់សៀវភៅលោកអ៊ុំក៏មានទទួលទិញសៀវភៅដែរ ព្រោះលោកអ៊ុំជាមនុស្សស្រលាញ់សៀវភៅ។ សង្ឃឹមថាយុវជនជំនាន់ក្រោយ និងអាចឆ្លៀតពេលអានសៀវភៅខ្លះៗដើម្បីកុំឲ្យវាបាត់បង់ទៅ»៕
អត្ថបទ៖ មេសា


