តុលាការម៉ាឡេស៊ីផ្តន្ទាទោសបុរសម្នាក់ឲ្យជាប់គុកជាង២០០ ឆ្នាំ ក្រោយបានប្រព្រឹត្តអំពើថោកទាបជាច្រើនករណីលើកូនស្រីមិនទាន់គ្រប់អាយុ
ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់គុកក្នុងរយៈពេលសរុបចំនួន ២០២ឆ្នាំ ក្រោយឧក្រិដ្ឋជនរូបនេះបានប្រព្រឹត្តបទល្មើសជាច្រើនករណីទៅលើកូនស្រីចុងដែលមិនទាន់គ្រប់អាយុ។ ជនល្មើសត្រូវបានគេរាយការណ៍ថា មានឈ្មោះ Datuk Julie Lack Abdullah អាយុ ៣៨ ឆ្នាំ មានមុខរបរជាអ្នកនេសាទរស់នៅក្នុងក្រុង Ipoh ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

ក្រោយការចាប់ខ្លួនជនល្មើសរូបនេះបានសារភាពថា គាត់បានរំលោភកូនស្រីចុងមិនទាន់គ្រប់អាយុរបស់ខ្លួនចំនួន ២២ ដង បានធ្វើទារណ្ឌកម្មលើរាងកាយនាងជាច្រើនដងរាប់មិនអស់ និងថែមទាំងបានថតវីដេអូអាក្រាតកាយរបស់កូនស្រីរូបនោះ និងសកម្មភាពរួមភេទជាមួយគាត់ជាច្រើនដងទៀតផង ចាប់តាំងពីឆ្នាំ ២០១៦ មក។ យោងតាមលំហំបទល្មើសទាំងអស់នេះ ជនល្មើសត្រូវទទួលទោសសរុប ២០២ ឆ្នាំ ដោយផ្អែកតាមច្បាប់របស់ម៉ាឡេស៊ី ហើយតុលាការក៏សម្រេចឲ្យគាត់ទទួលទោសទាំងអស់នេះដែរ បើទោះជាពេលបច្ចុប្បន្ននេះគាត់មានអាយុ ៣៨ ឆ្នាំហើយក៏ដោយ៕

អត្ថបទ៖ភក្តី